ឧបសេនវង្គន្តបុត្តត្ថេរាបទានទី ៧
ខ្ញុំចូលទៅគាល់ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ព្រះអង្គជាឆ្នើមក្នុងលោក អង់អាចជាងនរៈ ប្រសើរជាងនរៈ ដែល ទ្រង់គង់នៅក្នុងញកភ្នំ ។ គ្រានោះ ខ្ញុំបានឃើញផ្កាកណិការរីក ក៏ កាច់ផ្កានោះត្រង់ទង យកមកធ្វើប្រដាប់លើឆត្រ ហើយបង្អោន ចូលទៅថ្វាយព្រះសម្ពុទ្ធ ។ ទាំងបានថ្វាយចង្ហាន់បិណ្ឌបាតជាភោជន ដ៏ល្អឧត្តម ញ៉ាំងសមណៈ ៨ អង្គ គម្រប់ ៩ នឹងព្រះសម្ពុទ្ធ ឲ្យ ឆាន់ស្កប់ស្កល់ក្នុងទីនោះ ។ ព្រះសយម្ភូមានព្យាយាមធំ ព្រះអង្គ ប្រសើរ ទ្រង់អនុមោទនាចំពោះការថ្វាយឆត្រ និងការថ្វាយចង្ហាន់ ដ៏ប្រសើរនេះថា ដោយចិត្តជ្រះថ្លានោះ បុគ្គលនេះ នឹងបានទទួលសម្បត្តិ គឺ នឹងបានគ្រប់គ្រងទេវរាជ្យ ជាធំជាងទេវតា អស់ ៣០ ដង ។ នឹង បានជាស្តេចចក្រពត្តិ អស់ ២១ ដង នឹងបានគ្រប់គ្រងប្រទេសរាជ្យ ដ៏ធំទូលាយ រាប់បានមួយអសំខេយ្យកប្ប ។ ព្រះសម្ពុទ្ធទាំងឡាយ ទ្រង់ត្រាស់ហៅបណ្ឌិតណា ជាអ្នកមានប្រាជ្ញាដូចផែនដី មានប្រាជ្ញាល្អ ថាជាអ្នកមានប្រាជ្ញាល្អ បណ្ឌិតនោះ នឹងកើតក្នុង ឱក្កាកត្រកូល ក្នុងកប្បទីមួយសែន អំពីកប្បនេះ ។ បណ្ឌិតនុ៎ះ នឹងបានជាព្រះពុទ្ធព្រះនាមគោតម កាលបើសាសនានៃព្រះគោតម រុងរឿង បុគ្គល ( អ្នកថ្វាយផ្កា ) នោះ នឹងទៅកាន់អត្តភាពជា មនុស្ស ឈ្មោះឧបសេនៈ នឹងបានជាសាវ័ក របស់ព្រះសាស្តា ព្រះនាមគោតមនោះ ។ គុណវិសេស ជាទីបំផុតរបស់ខ្ញុំ កំពុងប្រព្រឹត្តទៅ ភពទាំងអស់ ខ្ញុំបានដកចោលហើយ ខ្ញុំបានឈ្នះមារ ព្រមទាំងសេនា របស់មារ ហើយទ្រទ្រង់នូវរាងកាយជាទីបំផុត ។