រដ្ឋបាលត្ថេរាបទានទី ៨

ក្បាលទី 60 · ទំព័រ 53

ខ្ញុំបានថ្វាយដំរីដ៏ប្រសើរ មានភ្លុក-ងដូចចន្ទោល មាន ភ្លៅដ៏មាំមួន ដល់ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ជាឆ្នើមក្នុង លោក ព្រះអង្គមិនញាប់ញ័រដោយលោកធម៌ ។ ដំរីនោះ មាន ស្វេតច្ឆត្រសម្រាប់ប្រដាប់ មានពេទ្យសម្រាប់ព្យាបាល មានបុរស សម្រាប់រក្សា ខ្ញុំកាត់ថ្លៃរបស់ទាំងអស់នោះ ( លក់ចំណាយ ) ធ្វើអារាមរបស់សង្ឃ ។ ខ្ញុំបានធ្វើប្រាសាទអស់ប្រាក់ ៥៤ ពាន់ ធ្វើទានដូចជាទឹកជំនន់ដ៏ធំ ហើយវេរថ្វាយព្រះមហេសី ។ ព្រះសយម្ភូ មានព្យាយាមធំ ជាបុគ្គលប្រសើរ ទ្រង់អនុមោទនា ញ៉ាំង ជនទាំងពួងឲ្យរីករាយ សម្តែងនូវអមតនិព្វាន ។ ព្រះពុទ្ធជា នាយក ព្រះនាមបទុមុត្តរៈ គង់ក្នុងភិក្ខុសង្ឃ ទ្រង់ព្យាករទាន របស់ខ្ញុំនោះ ហើយសម្តែងគាថាទាំងឡាយនេះថា កុលបុត្តនេះ បានធ្វើប្រាសាទអស់ប្រាក់ ៥៤ ពាន់ ( ថ្វាយ តថាគត ) តថាគតនឹងសម្តែងនូវផលនៃទាន ( របស់កុលបុត្ត ន៎ុះ ) អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ ។ ផ្ទះមាន កំពូលចំនួន ១៨ ពាន់ នឹងកើតឡើងសម្រាប់កុលបុត្តនេះ ផ្ទះមាន កំពូលទាំងនោះ សុទ្ធតែជាវិការនៃមាសទាំងអស់ កើតឡើងក្នុង វិមានដ៏ឧត្តម ។ កុលបុត្តនេះ នឹងបានសោយទេវរាជ្យ ជាធំជាង ទេវតាអស់ ៥០ ដង នឹងបានជាស្តេចចក្រពត្តិអស់ ៥៨ ដង ។ ក្នុងកប្បទីមួយសែន ព្រះសាស្តាព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ដឹងក្នុងលោក ។ ខណៈនោះ កុលបុត្តនេះ នឹង ច្យុតចាកទេវលោក ត្រូវកុសលមូលដាស់តឿន នឹងកើតក្នុង ត្រកូលស្តុកស្តម្ភ មានភោគៈច្រើន ។ កុលបុត្តនោះ ឈ្មោះ រដ្ឋបាល លុះកាលជាខាងក្រោយមក ក៏ចេញបួស ត្រូវកុសលមូលដាស់តឿន នឹងបានជាសាវ័កនៃព្រះសាស្តា ព្រះនាមគោតម នោះ ។