អដ្ឋកថារដ្ឋបាលត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 55

អបទានរបស់ព្រះរដ្ឋបាលត្ថេរ មានពាក្យផ្តើមថា បទុមុត្តរស្ស ភគវតោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះជិនស្រី ដ៏ប្រសើរអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ មុនព្រះមានព្រះភាគព្រះនាមបទុមុត្តរៈកើតឡើង កុលបុត្តនេះ កើតក្នុងត្រកូលគហបតិមហាសាល ក្នុងហង្សវតីនគរ ចម្រើនវ័យហើយ កាលបិតាអនិច្ចកម្មទៅ កុលបុត្តនេះ នៅគ្រប់គ្រងផ្ទះ ឃើញទ្រព្យសម្បត្តិ ប្រមាណមិនបាន ដែលធ្លាក់មកតាមលំដាប់វង្សត្រកូល ដែលនាយឃ្លាំង ប្រាប់ឲ្យជ្រាបហើយ គិតថា បិយជន មានបិតា ជីតា ជីតាទួតជាដើមរបស់ អាត្មាអញ មិនអាចនាំយកគំនរទ្រព្យ មានប្រមាណបុណ្ណេះ ទៅតាមខ្លួនបាន តែអញគួរនាំយកទៅ ដូច្នេះហើយ បានឲ្យមហាទានដល់មនុស្សកំព្រា និង អ្នកដំណើរជាដើម ។ កុលបុត្តនោះ ចូលទៅរកតាបសមួយរូប ដែលជាអ្នក បាននូវអភិញ្ញា ត្រូវតាបសទូន្មានក្នុងភាពជាធំក្នុងទេវលោក ទើបបំពេញ បុណ្យដរាបដល់អស់ជីវិត ចុតិចាកអត្តភាពនោះហើយ កើតក្នុងទេវលោក សោយទិព្វសម្បត្តិ តាំងនៅក្នុងទេវលោកដរាបដល់អស់អាយុ ចុតិអំពីទេវលោកនោះហើយ មកកើតក្នុងមនុស្សលោក ជាបុត្តទ្រោល ក្នុងត្រកូលដែល អាចបង្រួបបង្រួមរដ្ឋដែលបែកគ្នា ។ សម័យនោះ ព្រះមានព្រះភាគព្រះនាម បទុមុត្តរៈ កើតឡើងក្នុងលោក ទ្រង់ប្រកាសធម្មចក្កដ៏ប្រសើរ ញាំងសព្វសត្វ ឲ្យដល់នូវភូមិដែលជាដែនក្សេម ពោល គឺនិព្វានមហានគរ ។ លំដាប់នោះ កុលបុត្តនោះ ដល់នូវភាពជាអ្នកដឹងក្តីដោយលំដាប់ ថ្ងៃមួយ ទៅកាន់វិហារ ជាមួយឧបាសកទាំងឡាយ ឃើញព្រះសាស្តាទ្រង់សម្តែងធម៌ មានចិត្តជ្រះថ្លា ទើបអង្គុយខាងចុងបរិស័ទ ។