សុភូតិវគ្គោ

ក្បាលទី 60 · ទំព័រ 82

មានភ្នំមួយឈ្មោះនិសភៈ នៅជិតព្រៃហិមពាន្ត អាស្រម របស់ខ្ញុំ ទាំងបណ្ណសាលារបស់ខ្ញុំ គេសង់ល្អហើយ ក្បែរភ្នំនោះ ។ ក្នុងកាលនោះ ខ្ញុំជាជដិល ឈ្មោះកោសិយៈ មានតបៈដ៏ឧក្រិដ្ឋ ប្រព្រឹត្តតែម្នាក់ឯង ឥតមានបុគ្គលជាទីពីរ អាស្រ័យនៅនាភ្នំ និសភៈ ។ ខ្ញុំមិនបរិភោគផ្លែឈើ មើមឈើ និងស្លឹកឈើទេ ខ្ញុំ ចិញ្ចឹមជីវិតដោយផ្លែឈើជ្រុះឯងក្នុងវេលាព្រឹក ។ ខ្ញុំស៊ូលះបង់ជីវិត មិនញ៉ាំងអាជីវៈឲ្យកម្រើក ខ្ញុំញ៉ាំងចិត្តរបស់ខ្លួនឲ្យរីករាយ ចៀសវាង នូវអនេសនៈ ។ ចិត្តរបស់ខ្ញុំ ប្រកបដោយរាគៈកើតឡើង ក្នុងកាលណា ខ្ញុំពិចារណាដោយខ្លួនឯង ខ្ញុំតែម្នាក់ឯងទូន្មាននូវចិត្ត នោះ ក្នុងកាលនោះថា អ្នកឯងនៅតែត្រេកអរក្នុងអារម្មណ៍ ដែល គប្បីត្រេកអរផង ប្រទូស្តក្នុងអារម្មណ៍ ដែលគប្បីប្រទូស្តផង វង្វេងក្នុងអារម្មណ៍ ដែលគប្បីវង្វេងផង អ្នកចូរចៀសចេញចាក ព្រៃទៅ ។ ប្រទេសនេះ ជាលំនៅរបស់ពួកបុគ្គលជាអ្នកស្អាត ដែលមិនមានមន្ទិល មានតបធម៌ អ្នកកុំប្រទូស្តទីស្អាតនេះឡើយ អ្នកចូរចៀសចេញចាកព្រៃទៅ ។ បើអ្នកជាគ្រហស្ថ នឹងបាននូវ គូប្រកបក្នុងកាលណា អ្នកកុំធ្វើជនទាំងពីរនាក់ ឲ្យអាក់អន់ឡើយ ( ក្នុងកាលនោះ ) អ្នកចូរចៀសចេញចាកព្រៃទៅ ។ ឧសដែល គេដុតសាកសពហើយ ជារបស់ធ្វើកិច្ចមិនបាន ក្នុងទីណាមួយ គឺមិនបានការក្នុងស្រុក ឬក្នុងព្រៃ ព្រោះថា ឧសនោះ គេមិន សន្មតថាជាឧសឡើយ យ៉ាងណាមិញ ។ អ្នកឯងទុកដូចជាឧស ដែលគេដុតសាកសព គឺមិនមែនជាគ្រហស្ថ មិនមែនជាបព្វជិត សង្រួមទេ ជាមនុស្ស ផុតចាកភេទទាំងពីរ ក្នុងថ្ងៃនេះ អ្នកចូរ ចៀសចេញចាកព្រៃទៅ ។