អដ្ឋកថាសុភូតិត្ថេរាបទាន
អបទានរបស់ព្រះសុភូតិត្ថេរ មានពាក្យផ្តើមថា ហិមវន្តស្សាវិទូរេ ដូច្នេះ ។ ព្រះថេរៈរូបនេះ ក៏ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធជិនស្រី ដ៏ប្រសើរអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងទីបំផុតនៃកប្បទីមួយសែនអំពីភទ្ទកប្បនេះ ក្នុងកាលនៃ ព្រះពុទ្ធព្រះនាមបទុមុត្តរៈ ជាទីពឹងរបស់សត្វលោកមិនទាន់កើតឡើង លោក កើតជាកូនទ្រោលរបស់ព្រាហ្មណមហាសាលម្នាក់ ក្នុងហង្សវតីនគរ ។ ព្រាហ្មណ៍បានដាក់ឈ្មោះថា នន្ទមាណព ។ នន្ទមាណពនោះ ចម្រើនវ័យ ហើយ រៀនត្រៃវេទ កាលមិនឃើញវត្ថុដែលជាសារៈក្នុងត្រៃវេទនោះ ទើប បួសជាឥសីត្រង់ជើងភ្នំ មួយអន្លើដោយមាណព ៤ ម៉ឺន ៤ ពាន់ ជាបរិវារ របស់ខ្លួន ញ៉ាំងសមាបត្តិ ៨ និងអភិញ្ញា ៥ ឲ្យកើតហើយ បានប្រាប់ កម្មដ្ឋានដល់អន្តេវាសិកទាំងឡាយ ។ សូម្បីអន្តេវាសិកទាំងនោះ ក៏បាន ឈានក្នុងកាលមិនយូរឡើយ ។ សម័យនោះ ព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ ទ្រង់កើតឡើងក្នុង លោក អាស្រ័យហង្សវតីនគរគង់នៅ ថ្ងៃមួយ ក្នុងពេលទៀបភ្លឺ ទ្រង់បាន ប្រមើលមើលសត្វលោក ទ្រង់ឃើញឧបនិស្ស័យនៃអរហត្តរបស់ជដិលដែល ជាអន្តេវាសិករបស់នន្ទតាបស និងការប្រាថ្នាតំណែងនៃសាវ័ក ដែលប្រកប ទៅដោយអង្គីរបស់នន្ទតាបស ទើបទ្រង់ធ្វើកិច្ចបដិបត្តិព្រះសរីរៈអំពីព្រលឹម ។ ក្នុងពេលព្រឹក ទ្រង់កាន់បាត្រ និងចីវរ ទ្រង់មិនបបួលភិក្ខុណាមួយ ដូចសីហៈ យាងទៅតែមួយអង្គឯង កាលអន្តេវាសិករបស់នន្ទតាបសទៅរកផ្លែឈើ កាលនន្ទតាបសកំពុងឃើញនោះឯង យាងចុះអំពីអាកាស ប្រថាប់ឈរលើ ផែនដី ទ្រង់ត្រិះរិះថា នន្ទតាបស ចូរដឹងតថាគតថាជាព្រះពុទ្ធ ដូច្នេះ ។