តីណិសរណគមនិយត្ថេរាបទានទី ៣

ក្បាលទី 60 · ទំព័រ 113

ខ្ញុំជាអ្នកបម្រើមាតាបិតា ក្នុងក្រុងចន្ទវតី មាតាបិតា របស់ខ្ញុំខ្វាក់ ខ្ញុំចិញ្ចឹមលោកទាំងនោះ ក្នុងកាលនោះ ។ កាលនោះ ខ្ញុំទៅក្នុងទីស្ងាត់ អង្គុយគិតយ៉ាងនេះថា អាត្មាអញ កាលចិញ្ចឹម មាតាបិតា ក៏មិនបាននូវបព្វជ្ជា ។ បុគ្គលទាំងឡាយ ដែលត្រូវ ងងឹតធំបិទបាំងហើយ រមែងឆេះដោយភ្លើង ៣ យ៉ាង គ្មានអ្នកណា នីមួយ ជាអ្នកដឹកនាំ ក្នុងភពប្រាកដដូចនេះទេ ។ ឥឡូវនេះ ព្រះពុទ្ធត្រាស់ឡើងក្នុងលោកហើយ តែងញ៉ាំងសាសនាឲ្យរុងរឿង សត្វអ្នកប្រាថ្នាបុណ្យ អាចនឹងរើខ្លួនបាន ។ ខ្ញុំដល់នូវត្រៃសរណគមន៍ ហើយរក្សាពេញលេញ មានមុខងាកចេញពីទុគ្គតិ ដោយសារ អំពើដែលខ្ញុំធ្វើដោយប្រពៃនោះ ។ មានសមណៈមួយអង្គ ឈ្មោះ និសភៈ ជាអគ្គសាវ័ករបស់ព្រះពុទ្ធ ខ្ញុំបានចូលទៅរកព្រះ និសភៈនោះហើយ ទទួលនូវសរណគមន៍ ។ ក្នុងសម័យនោះ អាយុ ( របស់សត្វ ) មានប្រមាណមួយសែនឆ្នាំ ខ្ញុំបានរក្សា សរណគមន៍ឲ្យពេញលេញ អស់កាលបុណ្ណោះដែរ ។ ក្នុងកាល ជាទីបំផុតកំពុងប្រព្រឹត្តទៅ ខ្ញុំរពឫករឿយៗ នូវសរណគមន៍នោះ ខ្ញុំបានទៅកាន់ស្ថានតាវត្តិង្ស ដោយសារកុសលកម្ម ដែលខ្ញុំបាន ធ្វើល្អហើយនោះ ។ ខ្ញុំកាលទៅកើតក្នុងទេវលោកដែលខ្ជាប់ខ្ជួន ដោយបុញ្ញកម្ម បើចូលទៅកាន់ប្រទេសណាៗ រមែងបាននូវហេតុ ប្រការ ( ក្នុងប្រទេសនោះៗ ) ។ គឺគេតែងបូជាខ្ញុំ ក្នុងទិស ទាំងឡាយ ១ ខ្ញុំជាអ្នកមានប្រាជ្ញាមោះមុត ១ ពួកទេវតាទាំងអស់ រមែងប្រព្រឹត្តទៅ ( តាមខ្ញុំ ) ១ ខ្ញុំតែងបាននូវភោគៈ មានចំនួនរាប់មិនបាន ១ ។ ខ្ញុំមានសម្បុរដូចមាស ក្នុងទីទាំងពួង ១ មានបញ្ញាវាងវៃ ១ មិនកម្រើកចាកមិត្រទាំងឡាយ ១ យស របស់ខ្ញុំខ្ពង់ខ្ពស់ ១ ។