អដ្ឋកថាបញ្ចសីលសមាទានិយត្ថេរាបទាន
អបទានរបស់ព្រះបញ្ចសីលសមាទានិយត្ថេរ មានពាក្យ ផ្តើមថា នគរេ ចន្ទវតិយា ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមអនោមទស្សី កើតក្នុងត្រកូលមួយ ជាអ្នក ក្រីក្រ តាមសមគួរដល់កុសលកម្ម ដែលខ្លួនធ្វើក្នុងភពមុន ទើបមានបាយ ទឹក និងភោជនតិច ធ្វើការស៊ីឈ្នួលអ្នកដទៃចិញ្ចឹមជីវិត ដឹងដល់ទោសក្នុង សង្សារ បំណងនឹងបួស តែមិនបានបួស ទើបសមាទានសីល ៥ ក្នុងសម្នាក់ របស់ព្រះនិសភត្ថេរ សាវ័ករបស់ព្រះមានព្រះភាគព្រះនាមអនោមទស្សី ។ ព្រោះកើតក្នុងសម័យដែលមនុស្សមានអាយុវែង រក្សាសីលអស់ ១ សែន ឆ្នាំ ដោយកម្មនោះ កុលបុត្តនោះ ក៏អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលមហាសាល ក្នុងក្រុងវេសាលី ឃើញមាតាបិតាសមាទានសីល រពឫកដល់សីលរបស់ខ្លួន ចម្រើនវិបស្សនា សម្រេចអរហត្ត ហើយបួស ។ លោករពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាលប្រកាស អបទានដែលប្រព្រឹត្តមកក្នុងកាលមុន ដោយអំណាចឧទ្ទាន ទើបពោល ពាក្យថា នគរេ ចន្ទវតិយា ដូច្នេះជាដើម ។ បទថា ភតកោ អាសហំ តទា សេចក្តីថា ក្នុងកាលនោះ គឺក្នុងកាល ដែលខ្ញុំបំពេញបុណ្យ ខ្ញុំជាអ្នកស៊ីឈ្នួល គឺជាអ្នកធ្វើការងារដើម្បីថ្លៃឈ្នួល ។ បទថា បរកម្មាយនេ យុត្តោ សេចក្តីថា ខ្ញុំប្រកប គឺខ្វល់ខ្វាយក្នុងការធ្វើ ការងាររបស់អ្នកដទៃដើម្បីថ្លៃឈ្នួល ព្រោះមិនមានឱកាស ទើបមិនបានបួស ដើម្បីឲ្យផុតចាកសង្សារ ។ បទថា មហន្ធការបិហិតា សេចក្តីថា ជាបុគ្គលដែលងងឹត គឺ កិលេសដ៏ធំបិទបាំងហើយ រឹតរុំ រារាំងហើយ ។