អន្ថសំសាវកត្ថេរាបទានទី ៥

ក្បាលទី 60 · ទំព័រ 124

ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថៈ មានព្រះវណ្ណៈ ដូចមាស មានលក្ខណៈ ៣២ ដ៏ប្រសើរ ប្រាកដស្មើដោយ ចេតិយមាស ដែលកំពុងស្តេចទៅក្នុងចន្លោះរានផ្សារ ព្រះអង្គជា ប្រទីបបំភ្លឺសត្វលោក មានគុណនឹងប្រមាណមិនបាន មិនមាន បុគ្គលប្រៀបផ្ទឹម មានឥន្ទ្រិយទូន្មានហើយ ទ្រទ្រង់នូវរស្មីដ៏រុងរឿង ហើយក៏បាននូវបីតិដ៏ឧត្តម ។ ខ្ញុំបានថ្វាយបង្គំព្រះសម្ពុទ្ធ ជាមហាមុនី ហើយនិមន្តព្រះអង្គឲ្យឆាន់ គ្រានោះ ព្រះមុនីប្រកបដោយ សេចក្តីករុណា ចំពោះសត្វលោក ទ្រង់អនុមោទនា ទានរបស់ខ្ញុំ ។ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លា ចំពោះព្រះសម្ពុទ្ធអង្គនោះ ព្រះអង្គប្រកបដោយមហាករុណា ទ្រង់ជាអ្នកធ្វើនូវសេចក្តីរីករាយ ដ៏ក្រៃលែង ហើយខ្ញុំត្រេកអរក្នុងស្ថានសួគ៌ អស់មួយកប្ប ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយ ចង្ហាន់ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះអន្នសំសាវកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។