ធូបទាយកត្ថេរាបទានទី ៦

ក្បាលទី 60 · ទំព័រ 127

ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយធូប សម្រាប់អុជក្នុងកុដិ ចំពោះព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ព្រះអង្គជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រ ដោយលោកធម៌ ។ ខ្ញុំចាប់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ខ្ញុំរមែងជាទីស្រឡាញ់របស់ជនទាំងពួង នេះជាផលនៃការថ្វាយធូប ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយធូប ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃការថ្វាយធូប ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះធូបទាយកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។