កុណ្ឌធានវគ្គោ

ក្បាលទី 60 · ទំព័រ 146

ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបម្រើព្រះសម្ពុទ្ធ ដ៏ប្រសើរ ព្រះអង្គជាព្រះសយម្ភូ ជាអគ្គបុគ្គល ទ្រង់គេចចេញ ចាកពួក សម្ងំនៅក្នុងកម្មដ្ឋានអស់ ៧ ថ្ងៃ ។ ខ្ញុំដឹងនូវកាលដែល ទ្រង់ចេញអំពីទីសម្ងំ ហើយខ្ញុំកាន់ចេកមួយស្និតធំ នាំចូលទៅ ថ្វាយព្រះមហាមុនី ព្រះនាមបទុមុត្តរៈ ។ ព្រះមានព្រះភាគជា សព្វញ្ញូ ជាលោកនាយក ទ្រង់បានទទួល ព្រះមហាមុនី ញ៉ាំង ចិត្តរបស់ខ្ញុំឲ្យជ្រះថ្លា ទ្រង់សោយ ( ចេកនោះ ) ។ លុះព្រះ សម្ពុទ្ធទ្រង់ជាអ្នកដឹកនាំពួក ជាបុគ្គលប្រសើរបំផុត ទ្រង់សោយ រួចហើយ គង់លើអាសនៈរបស់ព្រះអង្គ ហើយត្រាស់នូវគាថា ទាំងឡាយនេះថា ពួកយក្សណា ដែលមកជួបជុំនៅនាភ្នំនេះ និងពួកភូតទាំងពួង ដែលនៅអាស្រ័យក្នុងព្រៃនេះ ( ពួកយក្ស និងភូតទាំងនោះ ) ចូរស្តាប់ពាក្យរបស់តថាគតចុះ ។ កុលបុត្តណា បានបម្រើនូវ ព្រះពុទ្ធ ព្រះអង្គដូចជាកេសររាជសីហ៍ ជាស្តេចនៃម្រឹគ តថាគត នឹងសម្តែងសរសើរ នូវកុលបុត្តនោះ អ្នកទាំងឡាយ ចូរស្តាប់ តថាគតសម្តែង ។ កុលបុត្តនោះ នឹងបានជាស្តេចនៃទេវតា អស់ ១១ ដង នឹងបានជាស្តេចចក្រពត្តិ អស់ ៣៤ ដង ។ កន្លងទៅ មួយសែនកប្ប នឹងមានព្រះសាស្តាព្រះនាមគោតម កើតក្នុង ឱក្កាកត្រកូល ត្រាស់ដឹងក្នុងលោក ។ កុលបុត្តនោះ នឹងបាននូវ នាម ( ថា កុណ្ឌធាន ) ដោយវិបាកនៃបាបកម្ម ព្រោះជេរនូវ សមណៈទាំងឡាយ ជាអ្នកមានសីល មិនមានអាសវៈ ។ កុលបុត្តដែលឈ្មោះកុណ្ឌធាននោះ នឹងបានជាទាយាទក្នុងធម៌របស់ ព្រះពុទ្ធព្រះនាមគោតមនោះ នឹងជាព្រះឱរស ជាធម្មនិម្មិត ទាំង បានជាសាវ័ករបស់ព្រះពុទ្ធអង្គនោះ ។ ខ្ញុំតែងប្រកបរឿយៗ នូវវិវេក ជាអ្នកមានឈាន ត្រេកអរ ក្នុងឈាន ញ៉ាំងព្រះសាស្តាឲ្យត្រេកអរ ជាអ្នកមិនមានអាសវ