អដ្ឋកថាកុណ្ឌធានត្ថេរាបទាន
អបទានរបស់ព្រះកុណ្ឌធានត្ថេរ មានពាក្យផ្តើមថា សត្តាហំ បដិសល្លីនំ ដូច្នេះ ។ ព្រះថេរៈនេះ ក៏មានអធិការបានធ្វើហើយ ក្នុងព្រះជិនស្រីដ៏ប្រសើរ អង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងសាសនានៃព្រះពុទ្ធព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល ក្នុង នគរហង្សវតី ចូលទៅគាល់ព្រះមានព្រះភាគ ដោយន័យដែលពោលហើយ ខាងដើមនោះឯង ស្តាប់ធម៌ ឃើញព្រះសាស្តាតែងតាំងភិក្ខុមួយរូប ក្នុង តំណែងឯតទគ្គៈ ជាងភិក្ខុទាំងឡាយខាងចាប់ស្លាកបានជាដំបូង ក៏ប្រាថ្នានូវ តំណែងនោះ ធ្វើបុណ្យសមគួរដល់ឋានន្តរនោះ សម័យមួយ កុលបុត្តនោះ បានថ្វាយស្និតចេកធំ មានពណ៌លឿងដូចលំអិតនៃមនោសិលា ដល់ព្រះមាន ព្រះភាគព្រះនាមបទុមុត្តរៈ ដែលចេញអំពីនិរោធសមាបត្តិ ប្រថាប់គង់ ព្រះមាន ព្រះភាគទ្រង់ទទួលស្និតចេកនោះ ហើយសោយ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ សោយទេវសម្បត្តិក្នុងទេវលោក ១១ ដង បានជាស្តេចចក្រពត្តិ ២៤ ដង ។ កុលបុត្តនោះ ធ្វើបុណ្យរឿយៗ យ៉ាងនេះហើយ អន្ទោលទៅមកក្នុង ទេវតា និងមនុស្សទាំងឡាយ ក្នុងកាលរបស់ព្រះពុទ្ធព្រះនាមកស្សបៈ កើត ជាភុម្មទេវតា ។ ធម្មតាព្រះពុទ្ធដែលមានព្រះជន្មវែងទាំងឡាយ មិនមានឧបោសថរៀង រាល់កន្លះខែឡើយ ។ ពិតហើយ ព្រះមានព្រះភាគព្រះនាមវិបស្សី មាន ឧបោសថ ៦ ឆ្នាំម្តង ចំណែកព្រះទសពលព្រះនាមកស្សបៈ សូធ្យបាតិមោក្ខ ៦ ខែម្តង ក្នុងការសូធ្យបាតិមោក្ខនោះ ភិក្ខុស្រុកក្រៅជាសម្លាញ់នឹងគ្នាពីររូប ធ្វើដំណើរទៅ ( ក្នុងនគរ ) ដោយគិតថា នឹងធ្វើឧបោសថ ។