មហាកច្ចាយនត្ថេរាបទានទី ៣
ខ្ញុំបានធ្វើចេតិយឈ្មោះបទុមៈ ជាវិការនៃផ្ទាំងថ្ម លាប ដោយទឹកមាស ថ្វាយព្រះលោកនាថ ព្រះនាមបទុមុត្តរៈ ។ ខ្ញុំលើកឆត្រជាវិការនៃកែវ និងផ្លិតរោមសត្វ ថ្វាយព្រះពុទ្ធ ជា ផៅពង្សនៃលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌ ។ គ្រានោះ ពួកភុម្មទេវតាទាំងអស់ទាំងបុន្មាន បានមកប្រជុំគ្នាថា ព្រះលោកនាថ នឹងសម្តែងផលនៃអាសនៈ និងឆត្រជាវិការនៃកែវ ។ ពួកយើង នឹងស្តាប់នូវផលទាំងពួងនោះ កាលបើព្រះសាស្តាកំពុង សម្តែង ពួកយើងនឹងញ៉ាំងសេចក្តីរីករាយ ឲ្យកើតដោយក្រៃលែង ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ ។ ព្រះសយម្ភូ ជាអគ្គបុគ្គល មានភិក្ខុសង្ឃចោមរោម ទ្រង់គង់លើអាសនៈមាស ហើយត្រាស់ នូវគាថាទាំងឡាយនេះថា កុលបុត្តណា បានថ្វាយអាសនៈមាស ប្រដាប់ដោយកែវ នេះ តថាគតនឹងសម្តែងសរសើរកុលបុត្តនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ ។ កុលបុត្តនោះនឹងបានជាធំជាងទេវតា សោយទេវរាជ្យ អស់ ៣០ កប្ប នឹងមានរស្មីគ្របសង្កត់ទី ១០០ យោជន៍ដោយជុំវិញ ។ កុលបុត្តនោះ លុះត្រឡប់មកកាន់មនុស្សលោកវិញ នឹងបានជាស្តេចចក្រពត្តិ មាននាមថាបភស្សរៈ នឹងមាន តេជះដ៏ខ្ពង់ខ្ពស់ ។ ព្រះបរមក្សត្រនោះ នឹងរុងរឿងអស់ទី ៨ ហត្ថ ដោយជុំវិញ ទាំងថ្ងៃ ទាំងយប់ ដូចជាព្រះអាទិត្យរះឡើង ។ កន្លងទៅ មួយសែនកប្ប នឹងមានព្រះសាស្តា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល ត្រាស់ដឹងក្នុងលោក ។ កុលបុត្តនោះច្យុត ចាកស្ថានតុសិតមក ត្រូវកុសលមូលដាស់តឿន នឹងបានជា ព្រាហ្មណ៍ មាននាមកច្ចានៈ ។ លុះកាលជាខាងក្រោយមក កច្ចានៈនោះចេញបួស នឹងបានជាអ្នកប្រាជ មិនមានអាសវៈ ព្រះគោតម ជាប្រទីបក្នុងលោក ទ្រង់នឹងតាំង ( កច្ចានៈនោះ ) ក្នុងទី ជាឯតទគ្គៈ ។