អដ្ឋកថាមហាកច្ចាយនត្ថេរាបទាន
អបទានរបស់ព្រះមហាកច្ចាយនត្ថេរ មានពាក្យផ្តើមថា បទុមុត្តរនាថស្ស ដូច្នេះ ។ ព្រះថេរៈរូបនេះ ក៏មានអធិការបានធ្វើហើយ ក្នុងព្រះជិនស្រីដ៏ប្រសើរ អង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងកាលនៃព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ កើតក្នុងត្រកូល គហបតីមហាសាល ចម្រើនវ័យហើយ ថ្ងៃមួយ ស្តាប់ធម៌ក្នុងសម្នាក់ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់តែងតាំងភិក្ខុមួយរូប ក្នុងតំណែងជាកំពូលនៃ ភិក្ខុទាំងឡាយអ្នកចែកអត្ថនៃពាក្យ ដែលទ្រង់ត្រាស់ដោយសង្ខេបឲ្យពិស្តារ ខ្លួនឯងក៏ប្រាថ្នាតំណែងនោះ ទើបតាំងនូវបណិធាន ហើយបំពេញបុណ្យ មានទានជាដើម អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងកាលនៃ ព្រះមានព្រះភាគព្រះនាមសុមេធៈ កើតជាពិទ្យាធរ ហោះទៅតាមអាកាស ឃើញព្រះសាស្តាប្រថាប់គង់មួយអង្គឯងក្នុងដងព្រៃ មានចិត្តជ្រះថ្លា បានធ្វើ ការបូជាដោយផ្កាកណិការ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅមកក្នុងសុគតិនោះឯង ក្នុងកាលនៃព្រះទសពលព្រះនាមកស្សបៈ កើតក្នុងផ្ទះមានត្រកូល ក្នុងនគរ ពារាណសី កាលព្រះមានព្រះភាគបរិនិព្វានហើយ បានធ្វើនូវការបូជាដោយ ឥដ្ឋដែលសម្រេចដោយមាសមាន តម្លៃមួយសែន ត្រង់បល្ល័ង្កដែលសាង សុវណ្ណចេតិយ តាំងសេចក្តីប្រាថ្នាថា ដោយផលនៃបុញ្ញកម្មនេះ សូមសរីរៈ របស់ខ្ញុំមានពណ៌ដូចមាសក្នុងទីដែលខ្ញុំកើតហើយ ។ បន្ទាប់អំពីនោះ កុលបុត្តនោះ ធ្វើកុសលកម្មដរាបដល់អស់ជីវិត អន្ទោលទៅក្នុងទេវតា និង មនុស្សទាំងឡាយ អស់ ១ ពុទ្ធន្តរ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះ បុរោហិតរបស់ព្រះបាទចណ្ឌប្បជ្ជោត ក្នុងនគរឧជ្ជេនី ។ ក្នុងថ្ងៃដាក់ឈ្មោះ របស់លោក មាតាគិតថា កូនរបស់យើងមានសម្បុ