មោឃរាជត្ថេរាបទានទី ៥

ក្បាលទី 60 · ទំព័រ 183

កាលនោះ ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជា ព្រះសយម្ភូ ឥតមានបុគ្គលផ្ចាញ់បាន មានភិក្ខុសង្ឃចោមរោម ស្តេចយាងទៅតាមថ្នល់ ។ ខ្ញុំមានពួកសិស្សហែហមដើរចេញអំពី ផ្ទះ លុះចេញទៅ ក៏បានឃើញព្រះលោកនាយក ត្រង់ទីនោះ ។ ខ្ញុំធ្វើអញ្ជលីលើសិរ្សៈ ថ្វាយបង្គំព្រះសម្ពុទ្ធ ញ៉ាំងចិត្តរបស់ខ្លួន ឲ្យជ្រះថ្លា ហើយពោលសរសើរព្រះលោកនាយកថា ពួកសត្វ មានរូបក្តី ឥតរូបក្តី ឥតសញ្ញាក្តី ទាំងបុន្មាន ពួកសត្វទាំងអស់ នោះ តែងប្រជុំចុះខាងក្នុងញាណរបស់ព្រះអង្គ ។ បុគ្គលណា បិទបាំងទឹកដោយសំណាញ់ មានក្រឡាញឹក ពួកសត្វណាមួយ នៅក្នុងទឹក ពួកសត្វទាំងនោះ រមែងមាននៅខាងក្នុងសំណាញ់ ( របស់បុគ្គលនោះ ដូចម្តេចមិញ ) ។ សត្វទាំងឡាយណា ដែលមានចេតនា ទោះបីមានរូបក្តី ឥតរូបក្តី ពួកសត្វទាំងអស់ នោះ រមែងប្រជុំចុះខាងក្នុងញាណរបស់ព្រះអង្គ ( ដូច្នោះដែរ ) ។ ព្រះអង្គស្រោចស្រង់សត្វលោកនេះ ដែលច្រឡូកច្រឡំដោយ ងងឹត សត្វទាំងនោះ ស្តាប់នូវធម៌របស់ព្រះអង្គហើយ ឆ្លងនូវខ្សែ ទឹក គឺសេចក្តីសង្ស័យបាន ។ សត្វលោក មានអវិជ្ជារួបរឹត មាន ងងឹតគ្របសង្កត់ហើយ នឹងកម្ចាត់ងងឹតទាំងឡាយ ព្រោះញាណ របស់ព្រះអង្គដែលទ្រោលឡើង ។ ព្រះអង្គមានចក្ខុ បន្ទោបង់នូវ ងងឹតធំរបស់សត្វទាំងពួង ជនជាច្រើន លុះស្តាប់ធម៌របស់ព្រះអង្គ ហើយ នឹងបានសម្រេចព្រះនិព្វាន ។ ខ្ញុំញ៉ាំងភោជនឲ្យពេញ ដោយឃ្មុំផ្លិត ដែលឥតមេ ហើយទ្រដោយដៃទាំងពីរ បង្អោន ចូលទៅថ្វាយព្រះមហេសី ។ ព្រះពុទ្ធជាមហាឥសី ព្រះអង្គមាន ព្យាយាមធំ ទ្រង់ទទួលដោយព្រះហស្តរបស់ព្រះអង្គ ព្រះសព្វញ្ញូ ទ្រង់សោយនូវឃ្មុំនោះរួចហើយ ស្តេចហោះឡើងកាន់អាកាស វេហាស៍ ។