អធិមុត្តកត្ថេរាបទានទី ៦

ក្បាលទី 60 · ទំព័រ 189

កាលព្រះលោកនាថ ព្រះនាមអត្ថទស្សី ព្រះអង្គប្រសើរ ជាងពួកនរៈ បរិនិព្វានហើយ ខ្ញុំមានចិត្តជ្រះថ្លា និមន្តភិក្ខុសង្ឃ លុះនិមន្តព្រះសង្ឃរត្ន ដែលមានសន្តានត្រង់ មានចិត្តតម្កល់មាំ ហើយ ខ្ញុំធ្វើមណ្ឌបដោយដើមអំពៅ បាននិមន្តព្រះសង្ឃ ដ៏ប្រសើរឲ្យឆាន់ ។ ខ្ញុំទៅចាប់កំណើតណាៗ ទោះជាទេវតា ឬជា មនុស្ស ខ្ញុំគ្របសង្កត់នូវពួកសត្វទាំងអស់ នេះជាផលនៃបុញ្ញកម្ម ។ ក្នុងកប្បទី ១៨០០ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យអំពៅ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអធិមុត្តកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។