អដ្ឋកថាអធិមុត្តត្ថេរាបទាន
អបទានរបស់ព្រះអធិមុត្តត្ថេរ មានពាក្យផ្តើមថា និព្វុតេ លោកនាថម្ហិ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏មានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង កាលនៃព្រះពុទ្ធព្រះនាមអត្ថទស្សីបរិនិព្វានហើយ កើតក្នុងផ្ទះមានត្រកូលមួយ កន្លែង ជ្រះថ្លាក្នុងព្រះរតនត្រ័យ និមន្តភិក្ខុសង្ឃ ឲ្យធ្វើបារាំដោយដើមអំពៅ ទាំងឡាយ ហើយថ្វាយមហាទាន ក្នុងទីបំផុតបានប្រាថ្នាសន្តិបទ ។ កុលបុត្ត នោះ ចុតិអំពីអត្តភាពនោះហើយ សោយសម្បត្តិទាំងពីរ ក្នុងទេវតា និង មនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ជ្រះថ្លាក្នុងព្រះសាសនា ព្រោះលោកជ្រះថ្លាក្នុងព្រះសាស្តា តាំងនៅក្នុងសទ្ធា ទើបប្រាកដនាមថា អធិមុត្តត្ថេរ ។ លោកសម្រេចអរហត្ត ដោយអំណាចបុញ្ញសម្ភារ ដែលធ្វើមកយ៉ាង នេះហើយ រពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាលប្រកាស អបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា និព្វុតេ លោកនាថម្ហិ ដូច្នេះជាដើម ។ ពាក្យដ៏សេស មានអត្ថងាយយល់ហើយ ។