អាយាតទាយកត្ថេរាបទានទី ៨
កាលព្រះលោកនាថ ព្រះនាមសិខី ព្រះអង្គប្រសើរ ជាងពួកអ្នកប្រាជ បរិនិព្វានហើយ ខ្ញុំរីករាយ បានថ្វាយបង្គំព្រះស្តូប ដ៏ប្រសើរ ដោយចិត្តរីករាយ ។ កាលនោះ ខ្ញុំបានឲ្យជាងឈើ និយាយកាត់ថ្លៃ ហើយឲ្យថ្លៃ ខ្ញុំរីករាយ ឲ្យជាងឈើធ្វើរោង សម្នាក់ ដោយចិត្តរីករាយ ។ ខ្ញុំនៅជាប់ មិនដាច់ក្នុងទេវលោក អស់ ៨ កប្ប ខ្ញុំអន្ទោលទៅរាត់រាយក្នុងកប្បដ៏សេស ។ ពិស មិនជ្រាបទៅក្នុងកាយ ទាំងគ្រឿងស្រស្តាក៏មិនមុតខ្ញុំ ខ្ញុំមិនស្លាប់ ក្នុងទឹក នេះជាផលនៃរោងសម្នាក់ ។ បើខ្ញុំប្រាថ្នាទឹកភ្លៀង មហា មេឃក៏បង្អុរភ្លៀងមក ទាំងពួកទេវតា តែងលុះអំណាចរបស់ខ្ញុំ នេះជាផលនៃបុញ្ញកម្ម ។ ខ្ញុំបរិបូណ៌ដោយកែវ ៧ ប្រការ អស់ ៣០ ដង ពួកជនណាមួយ មិនមើលងាយខ្ញុំឡើយ នេះជាផលនៃ បុញ្ញកម្ម ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យ ជាងធ្វើរោងសម្នាក់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃរោងសម្នាក់ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំ ក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអាយាតទាយកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។