កប្បរុក្ខិយត្ថេរាបទានទី ១០
ខ្ញុំបានដាំនូវដើមកប្បព្រឹក្សមួយដើម ព្រមទាំងព្យួរនូវ សំពត់ដ៏វិចិត្រទាំងឡាយ នៅខាងមុខនៃព្រះស្តូបដ៏ប្រសើរ របស់ ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ។ ខ្ញុំទៅចាប់កំណើតណាៗ ទោះជា ទេវតា ឬមនុស្ស សឹងមានដើមកប្បព្រឹក្សដ៏ល្អ ប្រតិស្ឋាន ទៀបមាត់ទ្វារផ្ទះនៃខ្ញុំ ។ យើងទាំងឡាយ គឺខ្ញុំផង បរិស័ទផង ពួកជនណានីមួយ ដែលមានឆ្នាំស្មើគ្នានឹងខ្ញុំផង តែងកាន់យក សំពត់អំពីដើមកប្បព្រឹក្សនោះ មកស្លៀកដណ្តប់ក្នុងកាលនោះ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំដាំដើមឈើ ក្នុង កាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃដើមកប្បព្រឹក្ស ។ ក្នុងកប្បទី ៧ អំពីកប្បនេះ ខ្ញុំបានជាក្សត្រិយ៍ចក្រពត្តិ ៨ ដង ព្រះនាម សុចេលៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទាំង មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកប្បរុក្ខិយត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាន កុណ្ឌធានត្ថេរ ១ សាគតត្ថេរ ១ កច្ចាយនត្ថេរ ១ កាឡុទាយិត្ថេរ ១ មោឃរាជត្ថេរ ១ អធិមុត្តកត្ថេរ ១ លសុណទាយកត្ថេរ ១ អាយាគទាយកត្ថេរ ១ ធម្មចក្កិកត្ថេរ ១ កប្បរុក្ខិយត្ថេរ ១ ជាគម្រប់ ១០ មានគាថា ១១២ ។