អដ្ឋកថាកប្បរុក្ខិយត្ថេរាបទាន
អបទានរបស់ព្រះកប្បរុក្ខិយត្ថេរ មានពាក្យផ្តើមថា សិទ្ធត្ថស្ស ភគវតោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏មានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង សាសនានៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កើតក្នុងត្រកូលមួយដែលសម្បូរ ដោយសម្បត្តិ ឲ្យសាងដើមកប្បព្រឹក្សដែលសម្រេចដោយមាស វិចិត្រ ដោយរតនៈ ៧ ប្រការ ដាក់បូជាត្រង់មុខព្រះចេតិយនៃព្រះមានព្រះភាគព្រះនាម សិទ្ធត្ថៈ ។ កុលបុត្តនោះបំពេញបុណ្យបែបនេះ តាំងនៅដរាបដល់អស់ អាយុ ចុតិចាកអត្តភាពនោះហើយ អន្ទោលទៅក្នុងសុគតិប៉ុណ្ណោះ តមក ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលតាមលំដាប់ ដល់នូវភាពជាអ្នកដឹង ក្តីហើយ នៅគ្រប់គ្រងផ្ទះ ជ្រះថ្លាក្នុងព្រះរតនត្រ័យ ស្តាប់ធម៌ហើយ បាន នូវសទ្ធាជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរបុន្មាន ក៏បានសម្រេច អរហត្ត លោកប្រាកដឈ្មោះថា កប្បរុក្ខិយត្ថេរ តាមឈ្មោះកុសលដែលធ្វើ មកក្នុងកាលមុន ។ ព្រះថេរៈសម្រេចអរហត្តផលយ៉ាងនេះហើយ រពឫកដល់បុព្វកម្មរបស់ ខ្លួន កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ដោយអំណាច សោមនស្ស ទើបពោលពាក្យថា សិទ្ធត្ថស្ស ភគវតោ ដូច្នេះជាដើម ។ បទថា ថូបសេដ្ឋស្ស សម្មុខា សេចក្តីថា សំពត់ដ៏វិចិត្រដាក់ត្រង់មុខព្រះចេតិយ ដែលជាព្រះស្តូបបញ្ចុះព្រះធាតុដ៏ប្រសើរបំផុត បានដល់ សំពត់ចីនៈ និង សំពត់សោមារៈជាដើម ដែលគួរត្រេកអរ លម្អដោយពណ៌ច្រើនយ៉ាង មិន មានពណ៌ណាដូច អធិប្បាយថា ខ្ញុំបានប្រតិស្ឋានដើមកប្បព្រឹក្ស ព្យួរ សំពត់ ។