ឧបាលិវគ្គោ

ក្បាលទី 60 · ទំព័រ 204

ព្រះលោកនាយក ទ្រង់ព្រះនាមបទុមុត្តរៈ មានពួក ព្រះខីណាស្រពមួយពាន់អង្គចោមរោម ទ្រង់ប្រកបរឿយៗ នូវ វិវេក កំពុងពុទ្ធដំណើរទៅ ដើម្បីពួនសម្ងំ ។ ខ្ញុំស្លៀកស្បែកខ្លាឃ្មុំ កាន់ឈើច្រត់ចម្ពាម ៣ ដើរទៅ បានឃើញព្រះលោកនាយក កុះករដោយភិក្ខុសង្ឃ ទើបខ្ញុំធ្វើស្បែកខ្លាឃ្មុំ ឆៀងស្មាម្ខាង រួចហើយ ធ្វើអញ្ជលីលើសិរ្សៈ ថ្វាយបង្គំព្រះសម្ពុទ្ធ សរសើរព្រះលោក នាយកថា សត្វទាំងឡាយ ដែលកើតអំពីពងក្តី ដែលកើត អំពីញើសក្តី ដែលជាឧបបាតិកៈក្តី ដែលកើតអំពីទឹកក្តី ពួកបក្សី ទាំងអស់ មានក្អែកជាដើមក្តី នឹងត្រាច់ទៅតែក្នុងអាកាសសព្វៗ កាល យ៉ាងណាមិញ ។ ពួកសត្វណាមួយ ដែលមានសញ្ញាក្តី ឥតសញ្ញាក្តី សត្វទាំងអស់នោះ សឹងប្រជុំចុះ ក្នុងខាងក្នុងនៃ ព្រះញាណរបស់ព្រះអង្គ ក៏យ៉ាងនោះដែរ ។ មួយវិញទៀត ក្លិន ឈើភ្នំទាំងឡាយណា លើភ្នំហិមពាន្តដ៏ឧត្តម ក្លិនទាំងអស់នោះ មិនបានមួយចំណិតនឹងក្លិនសីលរបស់ព្រះអង្គ ។ លោកនេះ ព្រមទាំង ទេវលោក តែងស្ទុះទៅក្នុងងងឹត គឺមោហៈ កាលបើញាណ របស់ព្រះអង្គ ទ្រោលឡើងហើយ ងងឹតក៏ខ្ជាត់ចេញទៅ ។ កាលបើ ព្រះអាទិត្យអស្តង្គតហើយ ពួកសត្វក៏ដល់នូវសេចក្តីងងឹត យ៉ាងណា កាលព្រះពុទ្ធមិនទាន់បានត្រាស់ លោកក៏ដល់នូវសេចក្តី ងងឹត យ៉ាងនោះដែរ ។ ព្រះអាទិត្យកាលរះឡើង តែងបន្ទោបង់ នូវងងឹតសព្វកាល យ៉ាងណា បពិត្រព្រះពុទ្ធដ៏ប្រសើរ ព្រះអង្គ កម្ចាត់បង់នូវងងឹតសព្វកាល យ៉ាងនោះដែរ ។ ព្រះអង្គមានព្រះហ្ឫទ័យ បញ្ជូនទៅកាន់ព្យាយាម បានជាព្រះពុទ្ធក្នុងលោក ព្រមទាំង ទេវលោក ទ្រង់ញ៉ាំងប្រជុំជនដ៏ច្រើនឲ្យត្រេកអរ ដោយការ ប្រារព្ធនូវអំពើរបស់ព្រះអង្គ ។ ព្រះបទុមុត្តរៈមហាមុនី ជាអ្នក ប្រាជ បានទ្រង់ព្រះសណ្តាប់នូវពាក្យនោះ