អដ្ឋកថាសន្ថិដ្ឋាបកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 225

អបទានរបស់ព្រះសន្និដ្ឋាបកត្ថេរ មានពាក្យផ្តើមថា អរញ្ញេ កុដិកំ កត្វា ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូលមួយ កន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ ត្រូវរៀបចំឲ្យមានគ្រួសារ ឃើញទោស ក្នុងការគ្រប់គ្រងផ្ទះ ទើបលះវត្ថុកាម និងកិលេសកាម ចូលកាន់ព្រៃត្រង់ ចន្លោះភ្នំ មិនឆ្ងាយអំពីហិមវន្តបព៌ត ។ ក្នុងកាលនោះ ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ទ្រង់យាងដល់ទីនោះ ព្រោះទ្រង់ត្រូវការវិវេក ។ គ្រានោះ តាបសនោះ ឃើញព្រះមានព្រះភាគហើយ មានចិត្តជ្រះថ្លា ថ្វាយបង្គំហើយ បានលាតស្មៅថ្វាយដើម្បីប្រថាប់គង់ ។ តាបសនោះ ថ្វាយផ្លែឈើតូចធំច្រើន ប្រភេទដែលមានរសឆ្ងាញ់ មានផ្លែទន្លាប់ជាដើម ឲ្យព្រះមានព្រះភាគគង់ លើអាសនៈនោះ សោយរហូតស្កប់ស្កល់ ។ ដោយបុញ្ញកម្មនោះ កុលបុត្ត នោះចុតិចាកអត្តភាពនោះហើយ អន្ទោលទៅមកក្នុងទេវតា និងមនុស្សទាំងឡាយ សោយសម្បត្តិទាំងពីរ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ដល់ព្រម ដោយសទ្ធា បួសហើយ ចម្រើនវិបស្សនា មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ប្រាកដនាមថា សន្និដ្ឋាបកត្ថេរ ព្រោះតាំងនៅដោយល្អក្នុងព្រះ និព្វាន ពោល គឺសន្តិបទ ដោយមិនចាំបាច់ព្យាយាម ( ខ្លាំង ) នោះឯង ដូចក្នុងការសម្រេចអរហត្ត ខណៈកាំបិតកោរដល់ក្បាល ។ កាលសម្រេច អរហត្តហើយ រពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាលប្រកាស អបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា អរញ្ញេ កុដិកំ កត្វា ជាដើម ។ បណ្តាបទទាំងនោះ បទថា អរញ្ញេ គប្បីជ