បញ្ចហត្ថិយត្ថេរាបទានទី ៥

ក្បាលទី 60 · ទំព័រ 227

ព្រះសម្ពុទ្ធព្រះនាមសុមេធៈ ទ្រង់សង្រួមចក្ខុ ពោល ពាក្យល្មមកំណត់ មានស្មារតី សង្រួមឥន្ទ្រិយ ទ្រង់និមន្តទៅក្នុង ចន្លោះរានផ្សារ ។ ពួកជនធ្វើផ្កាឧប្បល ៥ ក្តាប់ ឲ្យជាគ្រឿង ប្រដាប់ក្បាលសម្រាប់ខ្ញុំ ខ្ញុំមានចិត្តជ្រះថ្លា បានយកគ្រឿងប្រដាប់ ក្បាលនោះ បូជាព្រះពុទ្ធដោយដៃរបស់ខ្លួន ។ ផ្កាទាំងនោះ ដែល ខ្ញុំលើកឡើងហើយ ក៏ទៅជាគ្រឿងបិទបាំង ថ្វាយព្រះសាស្តានោះ ( ចោមរោម ) ព្រះមហានាគក្នុងសមាធិ ដូចជាសិស្ស ( ចោមរោម ) អាចារ្យដូច្នោះដែរ ។ ក្នុងកប្បទី ៣០០០០ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ២០០០ អំពីភទ្ទកប្បនេះ ខ្ញុំបានជាក្សត្រ ៥ ដង ព្រះនាមហត្ថិយៈដូចគ្នា ជាស្តេច ចក្រពត្តិ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបញ្ចហត្ថិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។