អដ្ឋកថាបញ្ចហត្ថិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 228

អបទានរបស់ព្រះបញ្ចហត្ថិយត្ថេរ មានពាក្យផ្តើមថា សុមេធោ នាម សម្ពុទ្ធោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមសុមេធៈ កើតក្នុងផ្ទះមានត្រកូលមួយ កន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះរតនត្រ័យ ។ សម័យ នោះ ជនទាំងឡាយបាននាំផ្កាឧប្បល ៥ ក្តាប់មក ។ កុលបុត្តនោះ បូជា ព្រះមានព្រះភាគព្រះនាមសុមេធៈ ដែលកំពុងត្រាច់ទៅលើវិថី ដោយផ្កា ឧប្បល ៥ ក្តាប់នោះ ។ ផ្កាឧប្បលទាំងនោះ បានអណ្តែតទៅជាពិតាន ធ្វើជា ស្រមោលនៅក្នុងអាកាស ទៅព្រមជាមួយព្រះតថាគតនោះឯង ។ កុលបុត្ត នោះឃើញដូច្នោះ កើតនូវសោមនស្ស ជាអ្នកមានសរីរៈផ្សាយទៅដោយបីតិ រពឫកដល់បុណ្យនោះឯង នៅដរាបដល់អស់ជីវិត ចុតិចាកអត្តភាពនោះហើយ កើតក្នុងទេវលោក អន្ទោលទៅមក ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមាន ត្រកូលមួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ បាននូវសទ្ធា ចេញបួស ចម្រើនវិបស្សនា មិនយូរបុន្មាន ក៏សម្រេចអរហត្ត លោកប្រាកដដោយ ឈ្មោះថា បញ្ចហត្ថិយត្ថេរ តាមឈ្មោះកុសលដែលបានធ្វើមក ។ លោករពឫកដល់បុព្វកម្មរបស់ខ្លួន កាលប្រកាសអបទានដែលប្រព្រឹត្ត មកក្នុងកាលមុន ដែលឃើញច្បាស់ដោយបញ្ញា ទើបពោលពាក្យថា សុមេធោ នាម សម្ពុទ្ធោ ជាដើម ។ បណ្តាបទទាំងនោះ បទថា សុមេធោ ភ្ជាប់សេចក្តីថា មេធាល្អ គឺបញ្ញា មានបញ្ញាជាគ្រឿងចាក់ធ្លុះនូវសច្ចៈ ៤ និងបដិសម្ភិទាជាដើម មានដល់ព្រះមាន ព្រះភាគអង្គណា ព្រះមានព្រះភាគអង្គនោះ ឈ្មោះថា សុមេធ ។