បទុមច្ឆទនិយត្ថេរាបទានទី ៦
ក្បាលទី 60 · ទំព័រ 230
កាលព្រះលោកនាថ ជាអគ្គបុគ្គល ព្រះនាមវិបស្សី ទ្រង់បរិនិព្វានហើយ ខ្ញុំយកផ្កាឈូកដែលរីកល្អ លើកតម្កល់លើ ជើងថ្ករ ។ លុះខ្ញុំលើកជើងថ្ករឡើង ផ្កាក៏អណ្តែតត្រសែតទៅឯ អាកាស ជាទីរីករាយនៃពួកសត្វស្លាប ធ្វើជាដំបូល បិទបាំង កម្តៅថ្ងៃនាអាកាស ខ្ញុំក៏បានទ្រនូវជើងថ្ករនោះ ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់នូវទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៤៧ អំពីភទ្ទកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ មាននាមថាបទុមិស្សរៈ ទ្រង់ឈ្នះសង្រ្គាម មានទីបំផុតទល់នឹងសមុទ្ទទាំង ៤ មានកម្លាំង ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះបទុមច្ឆទនិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។