អដ្ឋកថាបទុមច្ឆទនិយត្ថេរាបទាន
អបទានរបស់ព្រះបទុមច្ឆទនិយត្ថេរ មានពាក្យផ្តើមថា និព្វុតេ លោកនាថម្ហិ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគ ព្រះនាមវិបស្សី កើតក្នុងផ្ទះមានត្រកូលមួយ កន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះរតនត្រ័យ កាលព្រះមាន ព្រះភាគព្រះនាមវិបស្សីបរិនិព្វានហើយ បានបូជាជើងថ្ករ ដោយផ្កាឈូក ទាំងឡាយ ។ កុលបុត្តនោះ តាំងនៅដោយចិត្តជ្រះថ្លាដរាបដល់អស់អាយុ ចុតិចាក អត្តភាពនោះហើយ អន្ទោលទៅក្នុងសុគតិបុណ្ណោះ សោយសម្បត្តិទាំងពីរ គឺទិព្វសម្បត្តិ និងមនុស្សសម្បត្តិច្រើនដង ក្នុងកាលនៃព្រះសម្មាសម្ពុទ្ធនៃ យើងនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសក្នុងព្រះសាសនា ព្យាយាមមិនយូរបុន្មាន ក៏ សម្រេចអរហត្ត ។ កាលលោកស្នាក់នៅក្នុងទីផ្សេងៗ ដូចជាទីសម្រាកពេល យប់ និងទីសម្រាកពេលថ្ងៃជាដើម វិហារបានត្រូវប្រក់បាំងដោយផ្កាឈូក ដោយកុសលនោះ ទើបលោកបានឈ្មោះថា បទុមច្ឆទនិយត្ថេរ ។ លោករពឫកដល់បុព្វកម្មរបស់ខ្លួនហើយ កាលប្រកាសអបទានដែល ប្រព្រឹត្តមកក្នុងកាលមុន ដោយអំណាចសោមនស្ស ទើបពោលពាក្យថា និព្វុតេ លោកនាថម្ហិ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា និព្វុតេ សេចក្តីថា កាលព្រះសាស្តាបរិនិព្វាន ដោយខន្ធបរិនិព្វាន កាលព្រះសរីរៈ របស់ព្រះសម្មាសម្ពុទ្ធ ព្រះនាមថា វិបស្សី ត្រូវនាំឡើងកាន់ជើងថ្ករដ៏វិចិត្រ ខ្ញុំបានកាន់យកត្របកឈូក ដែលរីកល្អហើយ លើកដាក់លើជើងថ្ករបូជា ។