អដ្ឋកថាសយនទាយកត្ថេរាបទាន
អបទានរបស់ព្រះសយនទាយកត្ថេរ មានពាក្យផ្តើមថា សិទ្ធត្ថស្ស ភគវតោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កើតក្នុងត្រកូលមួយ ដល់ នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះសាស្តា សាងគ្រែដេក មានមាស ជាដើម ដែលគេផែមានសណ្ឋានដូចកូបនៃដំរី ក្រាលដោយកម្រាលដ៏វិចិត្រ មានតម្លៃរាប់មិនបាន បូជាព្រះមានព្រះភាគ ។ ព្រះមានព្រះភាគអង្គនោះ ទ្រង់ទទួលហើយ ទ្រង់ប្រើប្រាស់ដើម្បីជាការអនុគ្រោះ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ សោយទិព្វសម្បត្តិ និងមនុស្សសម្បត្តិជាច្រើន ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះសាសនារបស់ព្រះសាស្តា បួសហើយ ចម្រើនវិបស្សនា មិន យូរបុន្មាន ក៏សម្រេចអរហត្ត លោកជាអ្នកប្រាកដនាមថា សយនទាយកត្ថេរ តាមឈ្មោះបុណ្យដែលធ្វើមកក្នុងកាលមុន ។ ថ្ងៃមួយ លោករពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាល ប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា សិទ្ធត្ថស្ស ភគវតោ ដូច្នេះជាដើម ។ ពាក្យទាំងអស់នោះ មានអត្ថងាយយល់ហើយ ដោយគន្លងដែលមកក្នុងព្រះបាលីនោះឯង ។