ចង្កមទាយកត្ថេរាបទានទី ៨
ខ្ញុំបានឲ្យជាងធ្វើទីចង្រ្កមក្រាលឥដ្ឋ ( ថ្វាយ ) ចំពោះ ព្រះមុនី ព្រះនាមអត្ថទស្សី ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រ ដោយលោកធម៌ ។ ទីចង្រ្កមនោះ មានកម្ពស់ ៥០ ហត្ថក្រពុំ បណ្តោយ ១០០ ហត្ថ ជាទីគួរសរសើរ គួររីករាយនៃចិត្ត ខ្ញុំបាន កសាងហើយដោយប្រពៃ ។ ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ដ៏ប្រសើរជាងពួកនរៈ ទ្រង់បានទទួលហើយ ទ្រង់ចាប់យកខ្សាច់ ដោយព្រះហស្ត ហើយសម្តែងនូវគាថាទាំងនេះថា ដោយការឲ្យដីខ្សាច់នេះផង ដោយការធ្វើទីចង្រ្កមល្អនេះផង បុគ្គលនេះ នឹងបានទទួលនូវផ្នូរខ្សាច់ ដ៏បរិបូណ៌ដោយកែវ ៧ ប្រការ ។ កុលបុត្តនោះ នឹងគ្រប់គ្រងទេវរាជ្យ សោយទិព្វសម្បត្តិ ជាស្តេចនៃទេវតា ក្នុងទេវលោក មានពួកស្ត្រីអប្សរចោមរោម អស់ ៣ កប្ប ។ លុះត្រឡប់មកកាន់មនុស្សលោក នឹងបានជា ស្តេចក្នុងដែន កុលបុត្តនោះ នឹងបានជាស្តេចចក្រពត្តិលើផែនដី អស់ ៣ ដង ។ ក្នុងកប្បទី ១៨០០ ព្រោះហេតុដែលខ្ញុំធ្វើកុសលកម្ម ក្នុង កាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទីចង្រ្កម ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះចង្កមទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។