សុភទ្ទត្ថេរាបទានទី ៩
ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ជ្រាបច្បាស់នូវត្រៃលោក គួរទទួលគ្រឿងបូជា មានយសច្រើន ទ្រង់ស្រោចស្រង់នូវ ប្រជុំជន ហើយទ្រង់បរិនិព្វាន ។ កាលព្រះសម្ពុទ្ធបរិនិព្វាន លោកធាតុមួយហ្មឺន ក៏ញាប់ញ័រ ពួកជនច្រើន និងពួកទេវតា ក៏ ប្រជុំគ្នា ក្នុងកាលនោះ ។ ខ្ញុំបានញ៉ាំងទីនោះឲ្យពេញដោយខ្លឹម ចន្ទន៍ ខ្លឹមក្រស្នា និងខ្លឹមក្លាំពាក់ ខ្ញុំមានចិត្តត្រេកអររីករាយ បាន លើកឡើងនូវព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងពួកនរៈ ។ ព្រះសាស្តា ជាបុគ្គលប្រសើរផុតក្នុងលោក ទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ ព្រះ សម្ពុទ្ធទ្រង់ផ្ទំសម្តែងនូវគាថាទាំងនេះថា ក្នុងកាលជាទីបំផុតនៃជន្មាយុ របស់តថាគត បុរសណា បានបិទបាំងតថាគត ដោយថូមានក្លិនក្រអូប តថាគតនឹងសម្តែង សរសើរនូវបុរសនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែង ចុះ ។ បុរសនោះ លុះច្យុតចាកអត្តភាពនេះ នឹងទៅកាន់ពួក ទេវតា ក្នុងស្ថានតុសិត សោយរាជសម្បត្តិ ក្នុងស្ថានតុសិតនោះ ហើយនឹងទៅកាន់ស្ថាននិម្មានរតីទៀត ។ បុរសនោះ បានឲ្យថូដ៏ ឧត្តមប្រសើរ ដោយឧបាយនុ៎ះឯង ជាអ្នកប្រារព្ធនូវកម្មរបស់ខ្លួន នឹងទទួលនូវសម្បត្តិ ។ នរជននេះ នឹងកើតក្នុងពួកទេវតា ក្នុង ស្ថានតុសិតម្តងទៀត លុះច្យុតចាកពួកទេវតា ក្នុងស្ថានតុសិតនោះ នឹងមកកាន់អត្តភាពជាមនុស្ស ។ ព្រះសក្យបុត្ត ជាមហានាគ ជាអគ្គបុគ្គលក្នុងលោក ព្រមទាំងទេវលោក ទ្រង់មានបញ្ញាចក្ខុ បានញ៉ាំងពួកសត្វច្រើន ឲ្យត្រាស់ដឹងហើយ នឹងបរិនិព្វាន ។ ក្នុង កាលនោះ បុរសនោះ បានចូលទៅ មានចិត្តស្ងប់រម្ងាប់ មាន កុសលមូលដាស់តឿន ហើយក៏ចូលទៅគាល់ព្រះសម្ពុទ្ធ នឹងសួរ នូវប្រស្នា ក្នុងកាលនោះ ។