អដ្ឋកថាចុន្ទត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 252

អបទានរបស់ព្រះចុន្ទត្ថេរ មានពាក្យផ្តើមថា សិទ្ធត្ថស្ស ភគវតោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កើតក្នុងត្រកូលដែលសម្បូរ ដោយទ្រព្យសម្បត្តិ ដល់នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះសាស្តា បានសាងវត្ថុដែលមានតម្លៃច្រើនដោយមាស សម្រេចហើយដោយរតនៈ ៧ បិទដោយផ្កាម្លិះ បូជាព្រះមានព្រះភាគ ផ្កាទាំងនោះ បានអណ្តែតឡើង ជាពិតានលើអាកាស ។ លំដាប់នោះ ព្រះមានព្រះភាគត្រាស់ព្យាករថា ក្នុងអនាគត កុលបុត្ត នេះ នឹងបានជាសាវ័កឈ្មោះចុន្ទ ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាម គោតម ដោយបុញ្ញកម្មនោះ កុលបុត្តនោះ ចុតិចាកអត្តភាពនោះហើយ កើត ក្នុងទេវលោក សោយសុខក្នុងកាមាវចរទេវលោក ៦ ជាន់ តាមលំដាប់ និងសោយចក្រពត្តិសម្បត្តិជាដើម ក្នុងមនុស្សលោក ក្នុងពុទ្ធុប្បាទកាលនេះ កើតជាបុត្តរបស់នាងរូបសារី ក្នុងត្រកូលព្រាហ្មណ៍ ជាប្អូនប្រុសរបស់ព្រះសារី បុត្តមហាថេរៈ កាលដល់នូវភាពជាអ្នកដឹងក្តីហើយ ព្រោះមានរូបធំខ្ពស់ ស្អាត ( សុន្ទរតាយ ) ដោយផ្លាស់ ស អក្ខរៈ ជា ច អក្ខរៈ ទើបបាន ឈ្មោះថា ចុន្ទ ។ កុលបុត្តនោះ ចម្រើនវ័យហើយ ឃើញទោសក្នុងការ គ្រប់គ្រងផ្ទះ និងឃើញអានិសង្សក្នុងបព្វជ្ជា បួសក្នុងសម្នាក់របស់ព្រះថេរៈ ដែលជាបងប្រុស ចម្រើនវិបស្សនា មិនយូរបុន្មាន ក៏បានសម្រេចអរហត្ត ។ លោកសម្រេចអរហត្តផលហើយ ថ្ងៃមួយ រពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្សក ាលប្រកាសអបទាន ដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា សិទ្ធត្ថស្ស ភគវតោ ដូច្នេះជាដើម ។