អដ្ឋកថាវិធូបនទាយកត្ថេរាបទាន
អបទានរបស់ព្រះវិធូបនទាយកត្ថេរ មានពាក្យផ្តើមថា បទុមុត្តរពុទ្ធស្ស ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល មួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ សម្បូរដោយទ្រព្យសម្បត្តិ កើត នូវសទ្ធាជ្រះថ្លាក្នុងព្រះមានព្រះភាគ ក្នុងរដូវក្តៅ បានធ្វើផ្លិតវាលវីជនី ដែល សម្រេចដោយមាស ប្រាក់ កែវមុក្តា និងកែវមណី ថ្វាយដល់ព្រះមាន ព្រះភាគ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និង មនុស្សទាំងឡាយ សោយសម្បត្តិទាំងពីរ ក្នុងកាលដែលព្រះសម្មាសម្ពុទ្ធ របស់យើងទាំងឡាយទ្រង់កើតឡើងហើយ កុលបុត្តនោះ កើតក្នុងផ្ទះមាន ត្រកូលមួយកន្លែង មានក្រុមគ្រួសារហើយ ឃើញទោសក្នុងការនៅគ្រប់គ្រង ផ្ទះ និងឃើញអានិសង្សក្នុងបព្វជ្ជា ដល់ព្រមដោយសទ្ធា បួសក្នុងសាសនា ចម្រើនវិបស្សនា មិនយូរបុន្មាន ក៏សម្រេចអរហត្ត ។ លោករពឫកដល់បុព្វកម្មរបស់ខ្លួនថា ព្រោះបុញ្ញកម្មនោះ ទើបអញបាន នូវលោកុត្តរសម្បត្តិនេះ ដឹងកម្មនោះដោយប្រចក្ស កាលប្រកាសអបទាន ដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា បទុមុត្តរពុទ្ធស្ស ដូច្នេះ ជាដើម ។ ពាក្យនោះ ខ្ញុំអធិប្បាយអត្ថហើយខាងដើមនោះឯង ។ បទថា ពីជនិកា មយា ទិន្នា សេចក្តីថា ឈ្មោះថា វីជនី ព្រោះអត្ថថា ញ៉ាំង ការក្តៅរបស់សត្វដែលក្តៅ ឲ្យរលត់ដោយវិសេស គឺញ៉ាំងខ្យល់ដែលមាន ភាពត្រជាក់ឲ្យកើត ។