សយនទាយកត្ថេរាបទានទី ៣
ក្បាលទី 60 · ទំព័រ 263
ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនទីព្រះបន្ទំ ដល់ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ដែលទ្រង់អនុគ្រោះសព្វសត្វលោក ។ ភោគសម្បត្តិ តែងកើតឡើងសម្រាប់ខ្ញុំ ព្រោះការឲ្យនូវទីព្រះបន្ទំនោះ ព្រោះបរិបូណ៌ដោយពូជ ក្នុងស្រែដ៏ល្អនោះ នេះជាផលនៃ សយនៈនោះ ។ ខ្ញុំអាចដេក ក្នុងអាកាសបាន ខ្ញុំអាចទ្រនូវ ផែនដីនេះបាន ឥស្សរិយយសរបស់ខ្ញុំ ផ្សាយទៅក្នុងពួកសត្វ នេះជាផលនៃសយនៈ ។ ក្នុងកប្បទី ៥ ពាន់ ខ្ញុំបានជាមហាវីរក្សត្រ ៨ ដង ក្នុងកប្បទី ៣៤០០ ខ្ញុំបានជាក្សត្រ មានកម្លាំង ច្រើន ៤ ដង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះសយនទាយកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។