ឱបវុយ្ញត្ថេរាបទានទី ៥
ខ្ញុំបានថ្វាយសេះអាជានេយ្យ ដល់ព្រះសម្ពុទ្ធ ព្រះនាម បទុមុត្តរៈ លុះប្រគល់ចំពោះព្រះសម្ពុទ្ធហើយ ក៏ទៅកាន់ផ្ទះរបស់ ខ្លួន ។ ព្រះថេរៈឈ្មោះទេវិលៈ ជាអគ្គសាវ័ករបស់ព្រះសាស្តា ជា ធម្មទាយាទដ៏ប្រសើរ បានមកកាន់សម្នាក់របស់ខ្ញុំហើយ ( មានថេរវាចា ) នឹងខ្ញុំថា ព្រះមានព្រះភាគ ព្រះអង្គនាំមកនូវប្រយោជន៍ ទាំងពួង ទ្រង់ជាអាជានេយ្យ មិនញាប់ញ័រ ព្រះចក្ខុមសម្ពុទ្ធ ទ្រង់ទទួលហើយ ព្រោះទ្រង់ជ្រាបនូវតម្រិះរបស់អ្នក ។ ខ្ញុំកាត់ថ្លៃសេះសិន្ធវៈ ជាវាហនៈដ៏លឿន មានសន្ទុះដូចខ្យល់ ជាវាហនៈចេះអត់ធន់ ហើយថ្វាយដល់ព្រះពុទ្ធព្រះនាមបទុមុត្តរៈ ។ ខ្ញុំចូលទៅកាន់កំណើតណាៗ ទោះបីជាទេវតា ឬជាមនុស្ស សេះ អាជានេយ្យទាំងឡាយ មានសន្ទុះដូចខ្យល់ ជាសម្បត្តិជាទីត្រេកអរ រមែងកើតសម្រាប់ខ្ញុំ ។ មួយទៀត លាភ កុលបុត្តទាំងឡាយ នោះ បានល្អហើយ ព្រោះបាននូវឧបសម្បទា ប្រសិនបើព្រះពុទ្ធ កើតមានក្នុងលោក ខ្ញុំសូមចូលទៅអង្គុយជិតព្រះអង្គទៀត ។ ខ្ញុំ បានជាស្តេច មានកម្លាំងច្រើន ជាស្តេចឈ្នះសឹកសង្រ្គាម មាន សមុទ្ទទាំង ៤ ជាព្រំប្រទល់ ទ្រង់ជាឥស្សរៈ ក្នុងជម្ពូទ្វីប អស់ ២៨ ដង ។ ( ខ្ញុំទ្រទ្រង់ ) នូវរាងកាយនេះ ជាទីបំផុត ភពជាទីបំផុត កំពុងប្រព្រឹត្តទៅ ខ្ញុំលះបង់នូវការឈ្នះ និងការចាញ់ ហើយ បានដល់នូវទីមិនកម្រើក គឺព្រះនិព្វាន ។ ក្នុងកប្បទី ៣៤០០០ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ជាក្សត្រ មានតេជះច្រើន ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។