ធជទាយកត្ថេរាបទានទី ៨

ក្បាលទី 60 · ទំព័រ 280

ខ្ញុំមានចិត្តរីករាយ បានលើកឡើងនូវទង់ ជិតគល់ ពោធិព្រឹក្សដ៏ឧត្តមរបស់ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ។ ខ្ញុំរើស ស្លឹកពោធិ ដែលជ្រុះមក យកទៅចោលខាងក្រៅខឿន ខ្ញុំបាន ថ្វាយបង្គំពោធិព្រឹក្សដ៏ប្រសើរ ដូចថ្វាយបង្គំព្រះសម្ពុទ្ធ ចំពោះ ព្រះភក្ត្រ ទ្រង់ស្អាតខាងក្នុង ស្អាតខាងក្រៅ ទ្រង់មានព្រះហ្ឫទ័យ ផុតស្រឡះ ទាំងមិនមានអាសវៈ ។ ព្រះសាស្តា ព្រះនាម បទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក គួរទទួលនូវគ្រឿង បូជា ទ្រង់ស្ថិតនៅក្នុងកណ្តាលនៃភិក្ខុសង្ឃ ហើយសម្តែងនូវគាថា ទាំងនេះថា កុលបុត្តនោះ នឹងមិនទៅកាន់ទុគ្គតិ អស់មួយសែនកប្ប ដោយផលទាំង ២ យ៉ាង គឺការថ្វាយទង់ និងការបម្រើនេះ ។ កុលបុត្តនោះ នឹងទទួលនូវភាពជាទេវតា មានជោគល្អ ជាច្រើន ជាតិរាប់មិនអស់ ក្នុងស្ថានទេវលោក ។ នឹងបានជាស្តេចក្នុងដែន អស់ច្រើនរយជាតិ នឹងបានជាស្តេចចក្រពត្តិ ព្រះនាមឧគ្គតៈ ។ កុលបុត្តនោះ លុះទទួលសម្បត្តិហើយ មានកុសលមូលដាស់តឿន នឹងបានត្រេកអរក្នុងសាសនា របស់ព្រះមានព្រះភាគ ព្រះនាម គោតម ។ ខ្ញុំមានចិត្តបញ្ជូនទៅកាន់ព្យាយាម មានចិត្តស្ងប់រម្ងាប់ មិន មានឧបធិក្កិលេស ទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុងសាសនា របស់ព្រះសម្មាសម្ពុទ្ធ ។ ក្នុងកប្បទី ៥១ ពាន់ ខ្ញុំបានជាក្សត្រ ច្រើនជាតិ ព្រះនាមឧគ្គតៈដូចគ្នា ក្នុងកប្បទី ៥០ ពាន់ ខ្ញុំបានជាក្សត្រ ប្រមុខសេនាច្រើនជាតិ ព្រះនាមខេមៈដូចគ្នា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះធជទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។