បច្ចាគមនិយត្ថេរាបទានទី ៣
កាលនោះ ខ្ញុំជាបក្សីចាក្រពាក នៅនាឆ្នេរស្ទឹងសិន្ធុ ខ្ញុំ មានសារាយសុទ្ធ ជាអាហារផង ខ្ញុំសង្រួមល្អក្នុងសត្វទាំងឡាយ ផង ។ ខ្ញុំបានឃើញព្រះពុទ្ធ ជាបុគ្គលប្រាសចាកធូលី គឺកិលេស កំពុងនិមន្តទៅព្ធដ៏អាកាស ខ្ញុំពាំនូវផ្ការាំងដោយចំពុះ បង្អោនមក ថ្វាយព្រះពុទ្ធ ព្រះនាមវិបស្សី ។ សទ្ធាមិនញាប់ញ័រ ដែលបុគ្គល ណាតម្កល់ល្អហើយ ចំពោះព្រះតថាគត បុគ្គលនោះ រមែងមិន ទៅកាន់ទុគ្គតិ ដោយសេចក្តីជ្រះថ្លានៃចិត្តនោះ ។ ឱ ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធ ព្រះអង្គជាបុគ្គល ប្រសើរ ឱ ពូជដ៏ល្អ គឺបុណ្យ ខ្ញុំជាបក្សីបណ្តុះទុកល្អហើយ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុង កាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុង កប្បទី ១៧ អំពីកប្បនេះ ខ្ញុំបានជាក្សត្រ ៨ ដង មានព្រះនាមដូចគ្នា គឺព្រះនាមថាសុចារុទស្សនៈ ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបច្ចាគមនិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។