បរប្បសាទកត្ថេរាបទានទី ៤

ក្បាលទី 60 · ទំព័រ 305

បុគ្គលណា ឃើញព្រះសម្ពុទ្ធ មានសម្បុរដូចមាស ជា ឧសភបុរស ជាវីរបុរសប្រសើរ ទ្រង់ស្វែងរកនូវគុណធម៌ដ៏ធំ មាន ជ័យជម្នះហើយ នឹងខានជ្រះថ្លាម្តេចបាន ។ ភ្នំហិមពាន្ត មាន ប្រមាណមិនបាន និងសមុទ្ទសាគរ គេឆ្លងបានដោយក្រ យ៉ាងណាមិញ ឈានរបស់ព្រះពុទ្ធ ក៏យ៉ាងនោះដែរ បុគ្គលឃើញ ហើយ នឹងខានជ្រះថ្លាម្តេចបាន ។ ផែនដី មានប្រមាណមិនបាន របេបោផ្កាឈើក្នុងព្រៃដ៏ត្រកាល យ៉ាងណាមិញ សីលរបស់ព្រះពុទ្ធ ក៏យ៉ាងនោះដែរ បុគ្គលណាឃើញហើយ នឹងខានជ្រះថ្លាម្តេចបាន ។ អាកាសមិនញាប់ញ័រដោយផ្លូវខ្យល់ បុគ្គលរាប់មិនបាន យ៉ាងណាមិញ ញាណរបស់ព្រះពុទ្ធ ក៏យ៉ាងនោះដែរ បុគ្គលណា ឃើញហើយ នឹងខានជ្រះថ្លាម្តេចបាន ។ ព្រាហ្មណ៍ឈ្មោះសោនៈ សរសើរនូវព្រះសិទ្ធត្ថៈ ជាព្រះពុទ្ធប្រសើរ ព្រះអង្គឈ្នះកិលេសមារ ដោយគាថាទាំង ៤ នេះហើយ មិនទៅកាន់ទុគ្គតិអស់ ៩៤ កប្ប ។ ខ្ញុំបានទទួលសម្បត្តិដ៏ល្អ ក្នុងសុគតិទាំងឡាយ មិនមែនតិច ឡើយ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ខ្ញុំសរសើរព្រះសម្ពុទ្ធ ជានាយកនៃសត្វលោក ហើយមិនស្គាល់នូវទុគ្គតិ នេះជាផលនៃ ការសរសើរព្រះពុទ្ធ ។ ក្នុងកប្បទី ១៤ ខ្ញុំបានជាស្តេចចក្រពត្តិ ដង ព្រះនាមឧគ្គតៈដូចគ្នា ទ្រង់បរិបូរដោយរតនៈ ៧ ប្រការមាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះបរប្បសាទកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។