អដ្ឋកថាបរប្បសាទកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 307

អបទានរបស់ព្រះបរប្បសាទកត្ថេរ មានពាក្យផ្តើមថា ឧសភំ បវរំ វីរំ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កើតក្នុងត្រកូលព្រាហ្មណ៍ ប្រាកដនាមថា សេលព្រាហ្មណ៍ ជាអ្នកដល់នូវត្រើយនៃត្រៃវេទ ព្រមទាំង គម្ពីរនិឃណ្ឌុ និងគម្ពីរកេដុភៈ ព្រមទាំងអក្ខរប្បភេទ ដែលមានគម្ពីរ ឥតិហាសៈជាគម្រប់ ៥ ជាអ្នកយល់បទ ជាអ្នកយល់វេយ្យាករណ៍ ជំនាញ ក្នុងគម្ពីរលោកាយតៈ និងមហាបុរិសលក្ខណៈ ឃើញព្រះមានព្រះភាគ ព្រះនាម សិទ្ធត្ថៈ ដល់ព្រមដោយមហាបុរិសលក្ខណៈ ៣២ ប្រការ និងដោយ អនុព្យញ្ជនៈ ៨០ ប្រការ មានចិត្តជ្រះថ្លា ទើបប្រកាសសរសើរដោយហេតុ ច្រើនយ៉ាង ដោយឧបមាច្រើនយ៉ាង ដោយបុញ្ញកម្មនោះ កុលបុត្តនោះ សោយសម្បត្តិជាន់កាមាវចរ ៦ មានកើតជាសក្កៈ និងជាមារជាដើម ក្នុង ទេវលោក សោយចក្កពត្តិសម្បត្តិក្នុងមនុស្សលោក ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង សម្បូរដោយទ្រព្យសម្បត្តិ ដល់នូវភាពជា អ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរបុន្មាន ក៏បានជា ព្រះខីណាស្រព ជាអ្នកដល់ព្រមដោយបដិសម្ភិទា ៤ អភិញ្ញា ៦ ។ លោកប្រាកដនាមថា បរប្បសាទកត្ថេរ ព្រោះការសរសើរព្រះពុទ្ធ ជាហេតុ ឲ្យសត្វទាំងពួងមានចិត្តជ្រះថ្លា ។ ថ្ងៃមួយ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា ឧសភំ បវរំ វីរំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា ឧសភំ គប្បីជ្រាបពាក្យអធិប្បាយយ៉ាង នេះថា គោឧសភៈមាន ៤ ប្រភេទ គឺ