សុចិន្តិតត្ថេរាបទានទី ៦

ក្បាលទី 60 · ទំព័រ 315

ខ្ញុំបានកើតជាកេសររាជសីហ៍ មានជាតិដ៏ខ្ពង់ខ្ពស់ ត្រាច់ ទៅតាមជ្រោះភ្នំ សម្លាប់នូវពួកម្រឹគ ចិញ្ចឹមជីវិតក្នុងចន្លោះភ្នំ ។ គាប់ជួន ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ព្រះអង្គជាសព្វញ្ញូ ទ្រង់ប្រសើរជាងពួកអ្នកប្រាជ ព្រះអង្គប្រាថ្នាស្រោចស្រង់ខ្ញុំ ទើប ស្តេចមកកាន់ភ្នំដ៏ឧត្តម ។ ក្នុងសម័យនោះ ខ្ញុំសម្លាប់នូវបសទម្រឹគ យកមកបម្រុងបរិភោគ ព្រះមានព្រះភាគ ប្រព្រឹត្តបិណ្ឌបាត ស្តេច ចូលមកជិតខ្ញុំ ។ ខ្ញុំរើសយកសាច់ដ៏ល្អ ថ្វាយព្រះសាស្តាអង្គនោះ ឯព្រះសាស្តាជាមហាវីរបុរស ( សម្តែងធម៌ ) ញ៉ាំងខ្ញុំឲ្យរលត់ទុក្ខ ហើយទ្រង់អនុមោទនា ក្នុងកាលនោះ ។ ខ្ញុំចូលទៅកាន់ជ្រោះភ្នំ ញ៉ាំងបីតិឲ្យកើតឡើង ដោយសេចក្តីជ្រះថ្លានៃចិត្តនោះ ខ្ញុំក៏ធ្វើ កាលកិរិយាក្នុងទីនោះ ។ ក្នុងកប្បទី ១៥០០ ខ្ញុំបានរីករាយក្នុង ទេវលោក ដោយទានសាច់នុ៎ះផង ដោយសេចក្តីតម្កល់ចិត្តនុ៎ះផង ។ ដោយអំណោយនៃទានសាច់នោះផង ដោយការរពឫកនូវព្រះពុទ្ធផង ។ កុសល ខ្ញុំក៏បានធ្វើថែមទៀត ក្នុងកប្បដ៏សេស ។ ក្នុងកប្បទី ៣៨ ខ្ញុំបានកើតជាស្តេចមាននាមថា ទីឃាយុ ៨ ដង ក្នុងកប្បទី ៦០០០ អំពីកប្បនេះ ខ្ញុំបានជាស្តេចពីរដង ព្រះនាមសរណៈ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះសុចិន្តិតត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។