អមទាយកត្ថេរាបទានទី ៨

ក្បាលទី 60 · ទំព័រ 323

ព្រះមានព្រះភាគព្រះនាមអនោមទស្សី ទ្រង់គង់នៅក្នុង ទីចន្លោះភ្នំ ព្រះអង្គមិនមានឧបធិក្កិលេស ( មានព្រះហបឫទ័យ ) ផ្សាយមេត្តាទៅក្នុងលោក មិនមានប្រមាណ ។ គ្រានោះ ខ្ញុំបាន កើតជាស្វា លើភ្នំដ៏ឧត្តម ឈ្មោះហិមពាន្ត បានឃើញព្រះពុទ្ធ មានគុណមិនថោកថយ មានគុណដ៏ក្រៃលែង ក៏ញ៉ាំងចិត្តឲ្យ ជ្រះថ្លា ចំពោះព្រះពុទ្ធ ។ ក្នុងគ្រានោះ មានដើមស្វាយមានផ្លែ ក្នុងទីមិនឆ្ងាយអំពីភ្នំហិមពាន្ត ខ្ញុំក៏បានបេះផ្លែស្វាយទុំ មានរសផ្អែម អំពីដើមស្វាយនោះ ព្រមទាំងទឹកឃ្មុំ ហើយថ្វាយព្រះសម្ពុទ្ធ ។ ព្រះពុទ្ធព្រះនាមអនោមទស្សី ជាមហាមុនី ទ្រង់ព្យាករខ្ញុំនោះដោយ ទានរបស់ខ្ញុំទាំង ២ គឺទានទឹកឃ្មុំនេះ និងទានទឹកផ្លែស្វាយនេះថា ស្វានេះ នឹងរីករាយក្នុងទេវលោក អស់ ៥៧ កប្ប នឹង អន្ទោលទៅកាន់ភពដ៏ច្រឡូកច្រឡំក្នុងកប្បដ៏សេស ។ លុះអស់ បាបកម្ម មកអំពីអបាយភូមិ មានអសុរកាយជាដើម ( បានមក ជាមនុស្ស ) ហើយញ៉ាំងកិលេសឲ្យរីងស្ងួត ដោយសេចក្តី ចម្រើនដ៏ចាស់ក្លា ។ ខ្ញុំដែលព្រះពុទ្ធស្វែងរកនូវគុណដ៏ធំ ទូន្មានហើយ ដោយ ការទូន្មានដ៏ឧត្តម ក៏បានលះបង់នូវការឈ្នះ និងការចាញ់ ហើយ ដល់នូវទីមិនញាប់ញ័រ គឺព្រះនិព្វាន ។ ក្នុងកប្បទី ៧៧០០ ខ្ញុំបាន ជាស្តេចចក្រពត្តិ ១៤ ដង ព្រះនាមអម្ពដ្ឋជ័យ ទ្រង់មានកម្លាំង ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះអម្ពទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។