សុមនត្ថេរាបទានទី ៩

ក្បាលទី 60 · ទំព័រ 327

ក្នុងគ្រានោះ ខ្ញុំជានាយមាលាការ ( អ្នកធ្វើកម្រងផ្កា ) ឈ្មោះសុមនៈ បានឃើញព្រះពុទ្ធ មានធូលី គឺកិលេស ប្រាស ចេញហើយ ព្រះអង្គជាអ្នកទទួលនូវគ្រឿងបូជារបស់សត្វលោក ។ ខ្ញុំលើកផ្គង នូវផ្កាម្លិះដ៏ឧត្តម ដោយដៃទាំងពីរ បង្អោនថ្វាយ ព្រះពុទ្ធព្រះនាមសិខី ព្រះអង្គជាផៅពង្សនៃលោក ។ ខ្ញុំមិនដែល ស្គាល់ទុគ្គតិ ដោយការបូជាផ្កានេះផង ដោយការតម្កល់ចេតនា នេះផង នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ២៦ ខ្ញុំបានជាស្តេច ចក្រពត្តិ ៤ ដង ព្រះនាមមហាយសៈ ទ្រង់បរិបូណ៌ដោយរតនៈ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះសុមនត្ថេរមានអាយុ ទាំងនេះ ដោយប្រការដូច្នេះ ។