អដ្ឋកថាបុប្ផចង្កោដិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 332

អបទានរបស់ព្រះបុប្ផចង្កោដិយត្ថេរ មានពាក្យផ្តើមថា អភីតរូបំ សីហំវ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមសិខី កើតក្នុងផ្ទះមានត្រកូល មួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ សម្បូរដោយទ្រព្យសម្បត្តិ ជាច្រើន ជ្រះថ្លាក្នុងព្រះសាស្តា កាលសម្តែងថា មានសេចក្តីជ្រះថ្លា ទើប បេះផ្កាននោងមានពណ៌ដូចមាស ដាក់ពេញប្រអប់ បូជាព្រះមានព្រះភាគ ហើយតាំងសេចក្តីប្រាថ្នាថា បពិត្រព្រះមានព្រះភាគ ដោយផលរបស់ទាន សូមឲ្យខ្ញុំព្រះអង្គជាអ្នកមានពណ៌សម្បុរដូចមាស បានទទួលការបូជាគ្រប់ទី ដែលទៅកើត និងសូមបានសម្រេចព្រះនិព្វានផងចុះ ។ ដោយបុព្វកម្មនោះ កុលបុត្តនោះ ទោះកើតក្នុងទេវតា និងមនុស្ស ទាំងឡាយ ជាបុគ្គលដែលបានទទួលការបូជាក្នុងទីគ្រប់ស្ថាន ជាអ្នកមាន សម្បុរល្អដូចមាស ។ ក្នុងកាលតមក ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមាន ត្រកូលមួយកន្លែង សម្បូរដោយទ្រព្យសម្បត្តិ ចម្រើនវ័យហើយ ជ្រះថ្លាក្នុង ព្រះសាស្តា បួសហើយ ចម្រើនវិបស្សនា មិនយូរបុន្មាន ក៏បានជាអរហន្ត ។ លោកសម្រេចអរហត្តផលហើយ រពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវ សោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោល ពាក្យថា អភីតរូបំ សីហំវ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា សីហំ សេចក្តីថា ឈ្មោះថា សីហ ព្រោះគ្របសង្កត់ ញាំញីសត្វជើងពីរ និងសត្វជើង ៤ ជាដើម ទើបជាសត្វមិនតក់ស្លុត គឺមិនកោតញញើត ភ្ជាប់ សេចក្តីថា ខ្ញុំបូជាព្រះមានព្រះភាគអង្គនោះ ដែលប្រថាប់គង់ដូចរាជសីហ៍ មិនមានសេចក្តីខ្លបខ្លា