នាគសមាលវគ្គោ

ក្បាលទី 60 · ទំព័រ 335

ខ្ញុំបានរើសផ្កា ដែលគេចោលក្នុងផ្លូវធំ ហើយបូជាព្រះស្តូប របស់ព្រះសិខី ជាផៅពង្សនៃលោក ។ ក្នុងកប្បទី ៣១ អំពី កប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ក្នុងកាលនោះ ខ្ញុំមិន ដែលស្គាល់នូវទុគ្គតិ នេះជាផលនៃការបូជាចំពោះព្រះស្តូប ។ ក្នុង កប្បទី ១៥ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ព្រះនាមបុប្ផិយៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះនាគសមាលត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។