អដ្ឋកថានាគសមាលត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 336

អបទានរបស់ព្រះនាគសមាលត្ថេរ មានពាក្យផ្តើមថា អាបដលឹ អហំ បុប្ផំ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមសិខី កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ នៅគ្រប់គ្រងផ្ទះ ព្រោះមិនមានកម្ម មាន សភាពបែបនោះ មកដឹកនាំក្នុងកាលដែលព្រះសាស្តាទ្រង់គង់ព្រះជន្មនៅ ទើប មិនបានឃើញ មិនបានស្តាប់ធម៌ និងមិនបានធ្វើការបូជា ក្នុងកាលនៃព្រះសាស្តា បរិនិព្វានហើយ បានធ្វើចិត្តឲ្យជ្រះថ្លាក្នុងព្រះចេតិយដែលគេសាង ដើម្បី បញ្ចុះព្រះសារីរិកធាតុរបស់ព្រះមានព្រះភាគអង្គនោះ បូជាដោយផ្កាច្រនៀង ញ៉ាំងសោមនស្សឲ្យកើតឡើង តាំងនៅដរាបដល់អស់អាយុដោយសោមនស្សនោះឯង តមក កាលអស់ជីវិតហើយ បានទៅសោយសុខក្នុងទេវលោក ៦ ជាន់ មានជាន់តុសិតជាដើម ហើយមកសោយសម្បត្តិក្នុងមនុស្សលោក ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល មានឈ្មោះដែលមាតាបិតា ដាក់ឲ្យថា នាគសមាលៈ ព្រោះមានរាងកាយដូចគ្នានឹងត្រួយខ្ទឹង ជ្រះថ្លាក្នុង ព្រះមានព្រះភាគ បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុង កាលជាខាងក្រោយ លោករពឫកដល់បុព្វកម្មរបស់ខ្លួន ហើយកើតនូវសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យ ថា អាបដលឹ អហំ បុប្ផំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា អាបដលឹ សេចក្តីថា ខ្ញុំបានកាន់យកផ្កា ច្រនៀងដោយជុំវិញ ឬដោយអើពើ លើកឡើងបូជាព្រះស្តូប ។