បទសញ្ញកត្ថេរាបទានទី ២

ក្បាលទី 60 · ទំព័រ 338

ខ្ញុំបានឃើញស្នាមព្រះបាទ របស់ព្រះតិស្សសម្មាសម្ពុទ្ធ ព្រះអង្គជាព្រះអាទិច្ចពន្ធុ ទ្រង់ជាន់ទុកហើយ ខ្ញុំមានចិត្តត្រេកអរ រីករាយ បានញ៉ាំងចិត្តឲ្យជ្រះថ្លា ចំពោះស្នាមព្រះបាទនោះ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបាននូវសេចក្តី សម្គាល់ក្នុងស្នាមព្រះបាទ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីសម្គាល់ក្នុងស្នាមនៃព្រះបាទ ។ ក្នុងកប្បទី ៧ អំពីកប្បនេះ ខ្ញុំបានជាក្សត្រ ឈ្មោះសុមេធៈ ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបទសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។