សុសញ្ញកត្ថេរាបទានទី ៣

ក្បាលទី 60 · ទំព័រ 341

ខ្ញុំឃើញសំពត់បង្សុកូល របស់ព្រះសាស្តា ដែលព្រះអង្គ ពាក់ទុកលើចុងមែកឈើ លំដាប់នោះ ខ្ញុំធ្វើនូវអញ្ជលី ថ្វាយបង្គំ ចំពោះសំពត់បង្សុកូល ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះ ហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់នូវ ទុគ្គតិ នេះជាផលនៃការសម្គាល់នូវសំពត់បង្សុកូល ។ ក្នុងកប្បទី ៤ អំពីកប្បនេះ ខ្ញុំបានកើតជាក្សត្រ ឈ្មោះទុមហរៈ ជាស្តេច ចក្រពត្តិ មានកម្លាំងច្រើន មានសមុទ្ទទាំង ៤ ជាព្រំប្រទល់ ជា ស្តេចមានជ័យជម្នះ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំ ក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសុសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។