អដ្ឋកថាសុសញ្ញកត្ថេរាបទាន
អបទានរបស់ព្រះសុសញ្ញកត្ថេរ មានពាក្យផ្តើមថា ទុមគ្គេ បំសុកូលិកំ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមតិស្សៈ កើតក្នុងផ្ទះមានត្រកូលមួយ កន្លែង ចម្រើនវ័យហើយ កើតនូវសទ្ធា ឃើញសំពត់បំសុកូលចីវររបស់ព្រះមាន ព្រះភាគដែលព្យួរទុកត្រង់ចុងឈើ មានចិត្តជ្រះថ្លា គិតថា នេះជាទង់ជ័យ នៃព្រះអរហន្ត ទើបធ្វើសក្ការៈ មានការថ្វាយបង្គំ និងបូជាជាដើម ។ ដោយ បុញ្ញកម្មនោះ កុលបុត្តនោះក៏សោយនូវទេវសម្បត្តិ និងមនុស្សសម្បត្តិ ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ដែលសម្បូរដោយទ្រព្យ សម្បត្តិ កើតនូវសទ្ធាហើយ បព្វជ្ជា មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ លោកបានសម្រេចជាព្រះអរហន្តហើយ រពឫកដល់បុញ្ញកម្មរបស់ខ្លួន កើតនូវសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើប ពោលពាក្យថា ទុមគ្គេ បំសុកូលិកំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ មាន វិគ្គហៈដូចតទៅនេះ ឈ្មោះថា ទុម ព្រោះអត្ថថា កម្ចាត់ គឺញាប់ញ័រ ។ ម្យ៉ាងទៀត ឈ្មោះថា ទុម ព្រោះអត្ថថា ដុះឡើងធ្វើផ្ទៃអាកាសឲ្យពេញ ។ ឈ្មោះថា ទុមគ្គ ព្រោះជាទីបំផុត គឺចុងរបស់ដើមឈើ ។ ត្រង់ចុងនៃ ឈើនោះ ។ ឈ្មោះថា បំសុកូល ព្រោះអត្ថថា ទៅ គឺដល់ភាវៈដែល គួរខ្ពើម គឺភាវៈដែលមិនគួរពេញចិត្ត ដូចជាធូលី ។ បំសុកូលនោះឯង ជា បំសុកូលិក អធិប្បាយថា ខ្ញុំបានឃើញសំពត់បំសុកូលរបស់ព្រះសាស្តា ដែលព្យួរត្រង់ចុងឈើ ទើបផ្គងអញ្ជលី ថ្វាយបង្គំ គឺនមស្ការសំពត់បំសុកូល នោះ ។