ឯកសញ្ញកត្ថេរាបទានទី ៥
ក្បាលទី 60 · ទំព័រ 347
ព្រះអគ្គសាវ័ក របស់ព្រះវិបស្សីសម្មាសម្ពុទ្ធ មាននាម ថាខណ្ឌត្ថេរ ជាអ្នកគួរទទួលនូវគ្រឿងបូជារបស់សត្វលោក ខ្ញុំ បានថ្វាយភិក្ខាមួយមុខ ( ចំពោះអគ្គសាវ័កនោះ ) ។ បពិត្រព្រះអង្គ ជាធំជាងសត្វជើងពីរ ជានរាសភៈ ខ្ញុំមិនដែលស្គាល់ទុគ្គតិ ដោយ សេចក្តីជ្រះថ្លានៃចិត្តនោះ នេះជាផលនៃការថ្វាយភិក្ខាមួយមុខ ។ ក្នុងកប្បទី ៤០ អំពីកប្បនេះ ខ្ញុំបានជាក្សត្រឈ្មោះវរុណៈ បានជា ស្តេចចក្រពត្តិ មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឯកសញ្ញកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។