អដ្ឋកថាឯកសញ្ញកត្ថេរាបទាន
អបទានរបស់ព្រះឯកសញ្ញកត្ថេរ មានពាក្យផ្តើមថា ខណ្ឌោ នាមាសិ នាមេន ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមវិបស្សី កើតក្នុងផ្ទះមានត្រកូល ដល់នូវ ភាពជាអ្នកដឹងក្តីហើយ មានចិត្តជ្រះថ្លាក្នុងព្រះរតនត្រ័យ ឃើញព្រះអគ្គសាវ័ក ព្រះនាមខណ្ឌៈ របស់ព្រះសាស្តាអង្គនោះ កំពុងត្រាច់បិណ្ឌបាត បាន ចាត់ចែងបិណ្ឌបាតប្រគេន ដោយបុញ្ញកម្មនោះ កុលបុត្តនោះ សោយទេវសម្បត្តិ និងមនុស្សសម្បត្តិ ។ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមាន ត្រកូលមួយកន្លែង ក្នុងក្រុងសាវត្ថី ដល់នូវភាពជាអ្នកដឹងក្តីហើយ ស្តាប់ ធម្មទេសនារបស់ព្រះសាស្តា បាននូវសទ្ធា បួសហើយ មិនយូរបុន្មាន ក៏បានជា ព្រះអរហន្ត ។ លោកប្រាកដឈ្មោះថា ឯកសញ្ញកត្ថេរ ព្រោះហេតុដែល ថ្ងៃមួយ លោកដាក់ចិត្តនូវសញ្ញាក្នុងបិណ្ឌបាត ហើយបាននូវគុណវិសេស ។ ក្នុងកាលជាខាងក្រោយ រពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា ខណ្ឌោ នាមាសិ នាមេន ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា ខណ្ឌោ ជា ឈ្មោះរបស់ព្រះអគ្គសាវ័កអង្គនោះ ព្រោះលោកទម្លាយកិលេស បានជា សមុច្ឆេទ ។ ពាក្យដ៏សេសក្នុងទីទាំងពួងមានអត្ថងាយយល់ហើយ ។