តិណសន្ថារទាយកត្ថេរាបទានទី ៦
មានស្រះកើតឯងធំមួយ នៅក្នុងទីជិតនៃព្រៃហិមពាន្ត ជាស្រះដេរដាសដោយឧប្បលជាត ឈ្មោះសត្តបត្តៈ ជាលំនៅនៃ បក្សីផ្សេងៗ ។ ខ្ញុំងូតផង ផឹកផង ក្នុងស្រះនោះ ហើយនៅក្នុង ទីមិនឆ្ងាយ ខ្ញុំបានឃើញព្រះពុទ្ធ ព្រះអង្គប្រសើររបស់ពួកសមណៈ កំពុងស្តេចទៅក្នុងអាកាស ។ ព្រះសាស្តា ព្រះអង្គប្រសើរផុត ក្នុងលោក បានជ្រាបបំណងរបស់ខ្ញុំហើយ ទ្រង់យាងចុះអំពី អាកាស មកស្ថិតលើផែនដី ក្នុងខណៈនោះ ។ ខ្ញុំបានយក កណ្តៀវច្រូតស្មៅមកថ្វាយ ជាគ្រឿងគង់ ឯព្រះមានព្រះភាគ ព្រះអង្គជាម្ចាស់នៃលោកទាំង ៣ ជានាយក គង់លើស្មៅនោះ ។ ខ្ញុំបានញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយថ្វាយបង្គំព្រះលោកនាយក រួចដើរថយក្រោយ សម្លឹងមើលព្រះពុទ្ធ ជាមហាមុនី ។ ខ្ញុំក៏បានទៅកើតឯស្ថាននិម្មានរតី ដោយសេចក្តីជ្រះថ្លានៃចិត្តនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រាល ។ ក្នុងកប្បទី ២ អំពីកប្បនេះ ខ្ញុំបានជាក្សត្រ ឈ្មោះមិត្តសម្មតៈ ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះតិណសន្ថារទាយកត្ថេរមានអាយុ បាន សម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។