ឋិតញ្ជលិយត្ថេរាបទានទី ៩
ក្នុងភពមុន ខ្ញុំជាព្រានម្រឹគនៅក្នុងព្រៃផ្សៃ បានឃើញ ព្រះសម្ពុទ្ធ មានព្រះគុណ ៣២ ដ៏ប្រសើរ ក្នុងទីនោះ ។ ខ្ញុំធ្វើអញ្ជលី ចំពោះព្រះពុទ្ធ ព្រះអង្គគង់នៅលើកម្រាលស្លឹកឈើ ដែល ខ្ញុំចាត់ចែងទុក ក្នុងទីមិនឆ្ងាយអំពីទីនោះ ហើយខ្ញុំបែរមុខឆ្ពោះទៅ ទិសខាងកើត ដើរចៀសចេញទៅ ។ លំដាប់នោះ ការធ្លាក់ចុះរន្ទះ ក៏ធ្លាក់ត្រូវក្បាលខ្ញុំ ក្នុងកាលនោះ ខ្ញុំក៏បានធ្វើអញ្ជលីម្តងទៀត ក្នុងកាលទៀបស្លាប់ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះ ហេតុដែលខ្ញុំបានធ្វើនូវអញ្ជលីកម្ម ក្នុងកាលនោះ ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃអញ្ជលិកម្ម ។ ក្នុងកប្បទី ៥៤ ខ្ញុំបានជា ស្តេចចក្រពត្តិ ព្រះនាមមិគកេតុ មានកម្លាំងច្រើន បរិបូណ៌ ដោយរតនៈ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឋិតញ្ជលិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។