អដ្ឋកថាតីណិបទុមិយត្ថេរាបទាន
អបទានរបស់ព្រះតីណិបទុមិយត្ថេរ មានពាក្យផ្តើមថា បទុមុត្តរោ នាម ជិនោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះនៃត្រកូលរបស់ នាយមាលាការ ក្នុងហង្សវតីនគរ ចម្រើនវ័យហើយ ធ្វើកម្មនៃនាយ មាលាការ ។ ថ្ងៃមួយ កាន់យកផ្កាដែលកើតក្នុងទឹក និងកើតលើគោកសន្ធឹក សន្ធាប់ បំណងនឹងគាល់ព្រះរាជា គិតយ៉ាងនេះថា ព្រះរាជាឃើញផ្កានេះ ហើយ ជ្រះថ្លា គប្បីឲ្យទ្រព្យ ១ ពាន់ ឬស្រុកជាដើម ចំណែកអញបូជាព្រះលោក នាថ រមែងបានទ្រព្យ គឺអមតនិព្វាន ក្នុងពីរយ៉ាងនេះ អ្វីជាផលល្អ ដល់អញ ដូច្នោះ អញគួរបូជាព្រះមានព្រះភាគ ហើយញ៉ាំងសគ្គសម្បត្តិ និងនិព្វានសម្បត្តិឲ្យសម្រេច ដូច្នេះហើយ ទើបកាន់យកផ្កាពណ៌ក្រហម ៣ ដែលមានពណ៌ល្អក្រៃលែងទៅបូជា ។ ផ្កាទាំងនោះ អណ្តែតទៅបាំងខាងលើ អាកាស ។ អ្នកនគរ កើតអស្ចារ្យដែលមិនធ្លាប់មាន ទើបបោះផ្ទាំងសំពត់ ១ ពាន់ឡើងទៅ ។ ព្រះមានព្រះភាគទ្រង់ឃើញដូច្នោះ ទើបទ្រង់ធ្វើអនុមោទនា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ សោយសម្បត្តិទាំងក្នុងទេវតា និងមនុស្សក ្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលគហបតី ចម្រើនវ័យហើយ ជ្រះថ្លា ក្នុងព្រះសាស្តា ស្តាប់ធម៌ហើយ កើតនូវសទ្ធា បួសហើយ មិនយូរប៉ុន្មាន ក៏បានជាព្រះអរហន្ត ។ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួនហើយ កើតនូវសោមនស្ស កាល ប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា បទុមុត្តរោ នាម ជិនោ ដូច្នេះជាដើម ។ សេចក្តីនៃពាក្យនោះ ខ្ញុំបានពោលហើយខាង ដើមនោះឯង ។